ស្នាមញញឹមរបស់ពលរដ្ឋខ្មែរ ក្រោយទទួលបានមួកសុវត្ថិភាពឥតគិតថ្លៃពីក្រុមហ៊ុន ISI STEEL
ភ្នំពេញ ថ្ងៃទី ២៩ មីនា ឆ្នាំ ២០១៩ : បន្ទាប់ពីបានឧបត្ថម្ភបុស្តិ៍យាមដល់នគរបាលចរាចរណ៍ដើម្បីជួយសម្រួលដល់ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធភាព ក្រុមហ៊ុន ISI STEEL ក៏បានបង្កើតកម្មវិធីចែកមួកសុវត្ថិភាពដល់ប្រជាជននៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ក្នុងគោលបំណងដើម្បីលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាចេះការពារខ្លួននៅពេលបើកបរតាមរយៈការពាក់មួកសុវត្ថិភាព ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
ជាក់ស្តែងនៅថ្ងៃទី ២៥ និង ២៨ មីនាកន្លងទៅនេះ ក្រុមហ៊ុន ISI STEEL បានចែកមួកសុវត្ថិភាពជាង ២០០មួកបន្ថែមទៀតដល់បងប្អូនដែលរស់នៅ និងធ្វើដំណើរលើផ្លូវ ៦០ម៉ែត្រ និងក្រោមស្ពានអាកាសផ្សារដីហុយ (មហាវិថីសហព័ន្ធរុស្សី)ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះក្រុមហ៊ុនក៏បានធ្វើការណែនាំ និងផ្តល់នូវការយល់ដឹងបន្ថែមទាក់ទងនឹងស្លាកសញ្ញាចរាចរណ៍ និងច្បាប់ចរាចរណ៍ដល់ប្រជាជន។ មិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះ ក្រុមហ៊ុនបានបង្កើតនូវវីដេអូអប់រំខ្លីទាក់ទងនឹងការគោរពច្បាប់ចរាចរណ៍ ក្នុងគោលដៅរំលឹកដាស់ទឿន និងលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាយើងបង្កើននូវការគោរពច្បាប់ចរារណ៍ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
នៅកម្ពុជាបច្ចុប្បន្នយើងសង្កេតឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាចោទ និងចំបងជាងគេដែលបានសម្លាប់ប្រជាជនកម្ពុជា និងបណ្តាលឲ្យមានអ្នករងរបួសយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស គ្រោះថ្នាក់ចរាចរណ៍ដែលមិនត្រឹមតែធ្វើឲ្យមានការបាត់បង់ជីវិតប្រជាជន និងមានអ្នករងរបួសធ្ងន់ និងស្រាលយ៉ាងច្រើនប៉ុណ្ណោះនោះទេ វាក៏បានបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិយ៉ាងច្រើនរបស់ប្រជាជនកម្ពុជា និងកំពុងតែក្លាយជាឧបសគ្គយ៉ាងធំក្នុងការពន្លឿននូវការអភិឌ្ឍន៍ប្រទេសជាតិផងដែរ ។






















