iPhone ស៊េរិថ្មីឆ្នាំនេះ នឹងមានបច្ចេកវិទ្យាសាកថ្មឥតខ្សែឲ្យទូរស័ព្ទផ្សេងទៀត ដូច Huawei និង Samsung ដែរ
- April 2, 2019
នៅក្នុងឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនទូរស័ព្ទជាច្រើនគ្រោងនឹងបញ្ចេញទូរស័ព្ទស៊េរីថ្មីៗរបស់ខ្លួន ដោយបន្ថែមនូវសំណុចពិសេសៗជាច្រើន ដើម្បីប្រកួតប្រជែងជាមួយផលិតផលរបស់ក្រុមហ៊ុនផ្សេងៗទៀត។ ក្រុមហ៊ុនខ្លះបានសម្រេចបំពាក់នូវកាមេរ៉ាល្អជាងមុន មុខងារទំនើបជាងមុន ហើយក្រុមហ៊ុនខ្លះវិញបានបំពាក់នូវអេក្រង់ទូរស័ព្ទដែលអាចបត់បានទៀតផង។
សម្រាប់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំរបស់អាមេរិកវិញ ត្រូវបានសារព័ត៌មាន GSMARENA រាយការណ៍ថា iPhone ស៊េរីថ្មីនៅក្នុងឆ្នាំនេះ នឹងបំពាក់នូវបច្ចេកវិទ្យាសាកថ្មឥតខ្សែទៅឲ្យទូរស័ព្ទផ្សេងៗ (Reverse Wireless Charging) ដូច Huawei និង Samsung ផង។ បច្ចេកវិទ្យា Reverse Wireless Charging នេះអាចឲ្យ iPhone ស៊េរីថ្មីក្លាយខ្លួនជា Power Bank សម្រាប់សាកថ្មឲ្យ iPhone ដូចឯង និង Airpod 2 ផងដែរ ហើយថែមទាំងអាចសាកថ្មឲ្យស្មាតហ្វូនផ្សេងទៀត ដែលទ្រទ្រង់បច្ចេកវិទ្យាសាកថ្មឥតខ្សែ Qi បានទៀតផង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា iPhone ក្នុងឆ្នាំ២០១៩ នេះនឹងមានកម្លាំងថ្មខ្លាំងជាងមុន ដោយសម្រាប់ម៉ូដែលដូច Max អាចមានថ្មធំជាងមុន 10% ទៅ 15% ចំណែកឯម៉ូដែលដូច X មានថ្មធំជាងមុន 20% ទៅ 25%៕

អត្ថបទ៖ ភក្តី
ប្រភព៖ gsmarena
- Share This Post:






