អន្តរជាតិ

ថៃ ផ្តើមបញ្ជូនពលរដ្ឋទៅធ្វើការនៅអ៊ីស្រាអែលជាថ្មី ខណៈនាពេលកន្លងមានពលករថៃ ៣៩នាក់បានបាត់បង់ជីវិតដោយសារសង្គ្រាមនៅទីនោះ និង៣២នាក់ត្រូវក្រុមហាម៉ាសចាប់ធ្វើជាចំណាប់ខ្មាំង

BY
Pheakdey
June 24, 2024

ថៃ៖ ប្រទេសថៃបានចាប់ផ្តើមបញ្ជូនពលរដ្ឋខ្លួនឱ្យទៅបម្រើការងារក្នុងវិស័យកសិកម្មនៅក្នុងប្រទេសអ៊ីស្រាអែលជាថ្មីម្តងទៀតហើយ ក្រោយគម្រោងនេះត្រូវបានអាក់ខានមួយរយៈដោយសារភ្លើងសង្គ្រាមរវាងកងកម្លាំងអីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនបានកើតឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៤ ខែមិថុនា។ តាមគម្រោង គឺនឹងមានពលករថៃចំនួន ១០០នាក់ត្រូវចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃទៅកាន់ប្រទេសអ៊ីស្រាអែលនៅក្នុងថ្ងៃអង្គារ ទី២៥ ខែមិថុនានេះ ដែលពួកគេគឺក្រុមដំបូងបើរាប់ចាប់តាំងពីសង្គ្រាមបានកើតឡើងមក។

បើតាមក្រសួងការងារថៃបានបញ្ជាក់ថា នៅដើមខែកក្កដាខាងមុខនេះ ក៏នឹងមានពលករថៃជាច្រើននាក់បន្ថែមទៀតដែលត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ ខណៈតាមផែនការ គឺត្រឹមចុងឆ្នាំ ២០២៤នេះ ថៃនឹងត្រូវបញ្ជូនពលរដ្ឋឱ្យទៅធ្វើការងារនៅក្នុងប្រទេសអ៊ីស្រាអែលឱ្យបានចំនួនជាង ១០,០០០នាក់។ សូមបញ្ជាក់ជូនថា​ មុនពេលមានសង្គ្រាមផ្ទុះឡើងចំនួនពលករថៃ បានទៅបម្រើការងារនៅក្នុងប្រទេសអ៊ីស្រាអែលមានចំនួនរហូតដល់ជាង ៣០,០០០នាក់ឯណោះ តែភ្លាមៗក្រោយសង្គ្រាមបានកើតឡើងក្រុមពលករទាំងនោះក៏បានសម្រុកធ្វើដំណើរត្រលប់មកកាន់ប្រទេសកំណើតវិញ។ សូមរម្លឹកជូនផងដែរថា នៅក្នុងពេលដែលសង្គ្រាមបានផ្ទុះឡើងកាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នោះ គឺវាបានបណ្តាលឱ្យពលករថៃចំនួន ៣៩នាក់បានស្លាប់បាត់បង់ជីវិត និង ៣២នាក់ផ្សេងទៀតត្រូវបានក្រុមហាម៉ាសចាប់ធ្វើជាចំណាប់ខ្មាំង ហើយរហូតមកទល់នឹងពេលនេះ គឺជឿថានៅមានពលរដ្ឋចំនួន ៦នាក់កំពុងស្ថិតជាចំណាប់ខ្មាំងរបស់ក្រុមហាម៉ាសប៉ាឡេស្ទីននៅឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: