អារ៉ាប់រួមគ្រោងចាយលុយជាង ៨ពាន់លានដុល្លារដើម្បីអភិវឌ្ឍប្រព័ន្ធលូរំដោះទឹកភ្លៀងចេញពីទីក្រុងឌូប៉ៃ
- BY
- Pheakdey
- June 25, 2024
អេមីរ៉ាត់អារ៉ាប់រួម៖ រដ្ឋាភិបាលនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានអនុម័តលើគម្រោងដ៏ធំមួយដើម្បីអភិវឌ្ឍប្រព័ន្ធលូនៅក្នុងទីក្រុងឌូប៉ៃ បើទោះជាទីក្រុងនៅតំបន់វាលខ្សាច់មួយនេះត្រូវបានគេស្គាល់ថា ជាទីក្រុងប្រណិតលំដាប់ពិភពលោករួចហើយក៏ដោយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៥ ខែមិថុនានេះបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូទ្រង់ទ្រាយធំមួយនេះ នឹងត្រូវចំណាយអស់ថវិកាចំនួន ៣០ពាន់លានដាហាម ឬស្មើនឹងជាង ៨,១៦ពាន់លានដុល្លារអាមេរិក។

បើតាមអាជ្ញាធរអេមីរ៉ាត់អារ៉ាប់រួមបានបញ្ជាក់ថា តាមផែនការគឺគម្រោងខាងលើនេះនឹងត្រូវបញ្ចប់ការសាងសង់ជាផ្លូវការនៅត្រឹមឆ្នាំ ២០៣៣ ខណៈប្រព័ន្ធលូថ្មីនេះនឹងមានសមត្ថភាពអាចរំដោះទឹកភ្លៀងចេញពីទីក្រុងឌូប៉ៃបានក្នុងបរិមាណ ២០លានម៉ែត្រគូបក្នុងមួយថ្ងៃ។ ប្រភពខាងលើបានបន្តថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូនេះត្រូវបានផ្តួចផ្តើមធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនៅក្នុងទីក្រុងឌូប៉ៃក្នុងពេលអនាគត ដ្បិតកាលពីអំឡុងខែមេសាកន្លងទៅនេះក្រុងឌូប៉ៃបានរងនូវសម្ពាធទឹកភ្លៀងក្នុងបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេបើគិតចាប់តាំងពីឆ្នាំ ១៩៤៩មក ហើយក្រោយមានភ្លៀងធ្លាក់ដ៏ច្រើននោះ វាក៏បានបង្កឱ្យមានទឹកជំនន់យ៉ាងឆាប់រហ័ស ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងបំផ្លាញហេដ្ឋរចនាសម្ព័ន្ធអស់ជាច្រើនកន្លែងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






