អន្តរជាតិ

អាកាសយានដ្ឋានអន្តរជាតិ Incheon របស់កូរ៉េខាងត្បូង ត្រូវបានបិទផ្លូវរត់របស់យន្តហោះរយៈពេលប្រហែល ៣ម៉ោង ដោយសារបាឡុងសំរាមមកពីកូរ៉េខាងជើង

BY
Pheakdey
June 26, 2024

កូរ៉េខាងត្បូង៖ អាកាសយានដ្ឋានអន្តរជាតិ Incheon របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានបិទផ្លូវរត់រយៈពេលប្រហែល ៣ម៉ោង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ ដោយសារតែការបង្ហោះបាឡុងសំរាមមកពីប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៦ ខែមិថុនា។

អ្នកនាំពាក្យអាកាសយានដ្ឋានបានឱ្យដឹងថា មានបាឡុងចំនួន ៤បានបានធ្លាក់ទៅក្នុងបរិវេណនៃព្រលានយន្តហោះ ដោយក្នុងនោះមានបាឡុងចំនួន ៣ បានធ្លាក់នៅលើផ្លូវដែលយន្តហោះត្រូវចុះចត និងចេញដំណើរ ខណៈបាឡុងមួយផ្សេងទៀតបានធ្លាក់នៅចំច្រកចេញចូលរបស់អ្នកដំណើរ។ ហើយនេះក៏​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​ប្រតិបត្តិការ​នៅ​អាកាសយានដ្ឋាន​ដែល​មាន​ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ពី​ព្រំដែន​កូរ៉េ​ខាង​ជើង ​ត្រូវ​បាន​រំខាន​ដោយ​បាឡុងទាំងនោះ​។

ទន្ទឹមនឹងនេះដែរ សាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon បានឱ្យដឹងថា ការរំខានដល់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិបានកើតឡើងនៅចន្លោះម៉ោង ១ និង ៤៦នាទីយប់រហូតដល់ម៉ោង ៤ និង ៤៤នាទីទាបភ្លឺ (ម៉ោងនៅក្នុងប្រទេសកូរ៉េ) ហើយផ្លូវរត់ក៏បានបើកឡើងវិញចាប់តាំងពីពេលនោះមក។

គួររម្លឹកជូនថា កូរ៉េខាងជើងបានផ្តើមបង្ហោះបាឡុងដែលនៅក្នុងនោះមានផ្ទុកសុទ្ធតែសំរាមចូលមកកាន់ប្រទេសកូរ៉េខាងត្បូងតាំងតែពីចុងខែឧសភាមកម្លេះ ហើយការបង្ហោះបាឡុងនេះគឺជាការឆ្លើយតបទៅនឹងកូរ៉េខាងត្បូងដែលនាពេលកន្លងមកបានបង្ហោះបាឡុងជាច្រើនមានផ្ទុកទៅដោយថ្នាំពេទ្យ អាហារ លុយ និងខិត្តប័ណ្ណ​ រិះគន់​មេដឹកនាំ​កូរ៉េខាងជើងចូលទៅក្នុងទឹកដីកូរ៉េខាងជើង ដើម្បីឱ្យពលរដ្ឋនៅក្នុងប្រទេសកូរ៉េខាងជើងអាចទទួលបានសម្ភារៈទាំងអស់នោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: