អន្តរជាតិ

ពលរដ្ឋចិនជាង ២៤ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ និងជិត ១លាននាក់កំពុងរងផលប៉ះពាល់ដោយសារព្យុះភ្លៀងនៅខេត្ត Anhui

BY
Pheakdey
July 3, 2024

ចិន៖ ខេត្ត Anhui ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសចិនកំពុងរងនូវការគំរាមគំហែងពីបញ្ហាព្យុះភ្លៀង (Rainstorm) យ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៣ ខែកក្កដា។ ព្យុះភ្លៀងដែលបានបន្តធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃមកនេះបានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងនៅតាមសហគមន៍ជាច្រើន ខណៈកម្រិតទឹកនៅក្នុងទន្លេជាច្រើន និងជាពិសេសទន្លេ Yangtze ដែលជាទន្លេធំជាងគេនោះសុទ្ធតែបានឡើងខ្ពស់ព្រៀបច្រាំងស្ទើរតែធ្លាយជាទឹកជំនន់ទ្រង់ទ្រាយធំទៅហើយ។

នៅចំពោះមុនស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរចិនបានសម្រេចធ្វើការជម្លៀសពលរដ្ឋប្រមាណជា ២៤២,០០០នាក់ឱ្យទៅរស់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងក្នុងករណីដែលព្យុះភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនិងជម្រុញឱ្យទឹកត្រូវធ្លាយចេញពីទន្លេជាច្រើននៅជុំវិញខេត្ត Anhui ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានធ្វើការជម្លៀសពលរដ្ឋងាយរងគ្រោះជាច្រើនសែននាក់ហើយ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះភ្លៀងក៏កំពុងតែបង្កឱ្យមានការប៉ះពាល់ដល់ពលរដ្ឋចំនួន ៩៩១,០០០នាក់ផ្សេងទៀតផងដែរ ដោយផលប៉ះពាល់ទាំងនោះមានដូចជា គ្មានភ្លើងអគ្គិសនីប្រើប្រាស់ ពិបាកធ្វើដំណើរព្រោះទឹកលិចផ្លូវ និងខកខានមិនបានប្រកបអាជីវកម្មជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

Share This Post: