រដ្ឋាភិបាលជប៉ុននឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ លានយ៉េន (ប្រមាណ ៥០លានដុល្លារ) សម្រាប់ការពង្រីកបណ្តាញអគ្គិសនី នៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ក្រសួងការបរទេស ស្ដីពីលទ្ធផលទស្សនកិច្ចរបស់លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ដ្រីការបរទេសជប៉ុន នៅកម្ពុជា ពីថ្ងៃទី៥ ដល់ទី៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសជំនួបនេះដែរ រដ្ឋាភិបាលជប៉ុននឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ លានយ៉េន (ប្រមាណ ៥០លានដុល្លារ) សម្រាប់ការពង្រីកបណ្តាញអគ្គិសនី នៅរាជធានីភ្នំពេញ។

តបតាមការអញ្ជើញរបស់ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ដ្រីការបរទេសជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥ ដល់ទី៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកជំទាវរដ្ឋមន្ដ្រី បានចូលជួបសម្ដែងការគួរសមចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមុនមានជំនួបទ្វេភាគីជាមួយ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ដ្រី។
ក្នុងជំនួបទ្វេភាគី ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី និង លោកជំទាវ ខាមីខាវ៉ា បានឯកភាពគ្នាថាទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន មានភាពកាន់តែរឹងមាំ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ក្នុងការបន្ដលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលមានសក្ដានុពល និងផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
ក្នុងឱកាសជំនួបនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសន្ដិភាពនៅកម្ពុជា និងបានផ្ដល់ជំនួយជាច្រើនសម្រាប់ការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ លោកជំទាវរដ្ឋមន្ដ្រី បានបញ្ជាក់ពីការបន្ដរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ហើយបានបន្ថែមថា រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិរញ្ញប្បទានប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន សម្រាប់ការពង្រីកបណ្ដាញអគ្គិសនីនៅរាជធានីភ្នំពេញ៕






អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងការបរទេស