អាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ដោះស្រាយចម្ងល់របស់ប្រជាពលរដ្ឋ ចំពោះការតម្រូវឱ្យទៅធ្វើស្វ័យប្រកាស ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ
(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក យឹម វិសិដ្ឋ ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អាជ្ញាធរអគ្គិសនីកម្ពុជាបំភ្លឺជុំវិញ «ការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាតមកដាក់ពាក្យស្វ័យប្រកាស» បានថ្លែងដូច្នេះទៀតថា កន្លងមកអាជ្ញាធរបានប្រកាសដល់អ្នកដែលដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ត្រូវមកធ្វើស្វ័យប្រកាសតាំងពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២៣ និងបានបញ្ចប់នៅដើមឆ្នាំ២០២៤ ប៉ុន្ដែដោយពិនិត្យឃើញថា យោងតាមការប្រកាសលើទី១នេះ ឃើញថាមានតែ ៩៤នាក់ប៉ុណ្ណោះ ដែលបានមកធ្វើស្វ័យប្រកាស។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានពន្យល់យ៉ាងលម្អិត ដោះស្រាយចម្ងល់របស់ប្រជាពលរដ្ឋ ចំពោះការតម្រូវឱ្យទៅធ្វើស្វ័យប្រកាស និងការមិនតម្រូវឱ្យទៅធ្វើស្វ័យប្រកាស ចំពោះអ្នកប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ។ លោកបានបញ្ជាក់ថា “គោលបំណងនៃការធ្វើស្វ័យប្រកាសនេះដើម្បីងាយស្រួលកំណត់ថាប្រទេសយើងមានអ្នកប្រើប្រាស់តម្លើងប្រព័ន្ធប៉ុន្មាននាក់ និងមានទីតាំងនៅតំបន់ណាខ្លះ ធ្វើបែបនេះ ដើម្បីឱ្យអ្នកប្រើប្រាស់នឹងទទួលបានផលប្រយោជន៍នៅពេលដែលគាត់ធ្វើសេចក្ដីប្រកាសតាមគោលការណ៍របស់ក្រសួងអាជ្ញធរអគ្គិសនីកម្ពុជានឹងត្រូវបានទទួលស្គាល់ ហើយចេញលិខិតអនុញ្ញាតជូនគាត់ដោយស្វ័យប្រវត្តិ”។
លោកបានបន្ថែមទៀតថា “អ្វីទៅដែលយើងហៅថាប្រព័ន្ធពន្លឺព្រះអាទិត្យ ស្ថិតនៅក្នុងក្របខណ្ឌដែលយើងបានកំណត់នៅក្នុងបទប្បញ្ញត្តិ របស់អាជ្ញាធរយើងបានកំណត់យ៉ាងច្បាស់ថា ប្រព័ន្ធត្រូវធ្វើស្វ័យប្រកាស ឬហៅថាប្រព័ន្ធព្រះអាទិត្យគាត់បានតម្លើង ប្រព័ន្ធទាំងឡាយណាគាត់បានតម្លើង គាត់បានប្រើប្រាស់ ហើយភ្ជាប់ជាមួយប្រព័ន្ធប្រើប្រាស់នៅក្នុងបណ្ដាញផ្ទះ ឬនៅក្នុងទីតាំងរបស់គាត់ ដោយឡែកចំពោះប្រព័ន្ធផ្សេងទៀត ដែលហៅថាប្រព័ន្ធប្រើប្រាស់ដាច់ដោយឡែក ហៅថាអំពូលសូឡាតាមរបង នៅតាមបំភ្លឺបណ្ដាសាធារណៈទូទៅក៏ដោយ ម៉ូទ័របូមទឹក ឆ្នាំងដាំបាយ មិនពាក់ព័ន្ធធ្វើស្វ័យប្រកាសនោះទេ សូមសាធារណៈជនទាំងអស់កុំមានការភាន់ច្រលំ ហើយអ្នកប្រើប្រាស់លំនៅដ្ឋានធម្មតាក៏មិនពាក់ព័ន្ធដែរ”។
លើសពីនេះ “គោលការណ៍ដែលយើងធ្វើនេះសម្រាប់តែអ្នកតម្លើងប្រព័ន្ធពន្លឺព្រះអាទិត្យ ហើយភ្ជាប់ការប្រើប្រាស់បណ្ដាញក្នុងផ្ទះរបស់គាត់ ហើយមានភ្ជាប់ពីបណ្ដាញផ្គត់ផ្គង់របស់បណ្ដាញជាតិ ប្រភពអគ្គិសនីពីបណ្ដាញជាតិប៉ុណ្នោះ។ ដោយឡែក ការប្រើប្រាស់ប្រព័ន្ធដែលយើងហៅថាប្រព័ន្ធដាច់ដោយឡែក មិនមានការពាក់ព័ន្ធ ហើយពុំចាំបាច់មកធ្វើស័្វយប្រកាសនោះទេ”៕




អត្ថបទ៖ និស្ស័យ
ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា