អន្តរជាតិ

ក្រុមហ៊ុន BYD រប​ស់ចិន បោះទុន១ពាន់លានដុល្លារបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីក្នុងប្រទេសតួ​ក​គី

BY
Pheakdey
July 9, 2024

(តួកគី)៖ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់ប្រទេសចិនបានបោះទុនប្រាក់ចំនួន ១ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រផលិតរថយន្តនៅក្នុងប្រទេសតួកគី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ BBC នៅក្នុងថ្ងៃអង្គារ៍ ទី៩​ ខែកក្កដា។ ពិធីចុះហត្ថលេខាលើគម្រោងដ៏ធំខាងលើនេះត្រូវបានធ្វើឡើងរួចរាល់ហើយនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដោយកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងរវាងលោក Wang Chuanfu អគ្គនាយករបស់ក្រុមហ៊ុន BYD ជាមួយនិងលោកប្រធានាធិបតីតួគី Recep Tayyip Erdogan។

ប្រភពខាងលើបានបន្តថា រោងចក្រផលិតរថយន្តនឹងត្រូវចាប់ផ្តើមសាងសងនៅពេលដ៏ឆាប់ខាងមុខនេះ ខណៈសមិទ្ធផលរថយន្តជាក់ស្តែងដែលគេអាចទទួលបានគឺនៅដើមឆ្នាំ ២០២៦។ បើតាមលោក Wang Chuanfu អគ្គនាយករបស់ក្រុមហ៊ុន BYD បានបញ្ជាក់ថា រោងចក្រផលិតរថយន្តមួយកន្លែងនេះនឹងមានសមត្ថភាពអាចផលិតរថយន្តបានចំនួន ១៥០,០០០គ្រឿងនៅក្នុងមួយឆ្នាំ និងជួយបង្កើតការងារបានចំនួន ៥,០០០កន្លែងសម្រាប់ពលរដ្ឋតួកគីផងដែរ។ អគ្គនាយករូបនេះបានបន្តថា រថយន្តអគ្គិសនី BYD ដែលផលិតនៅក្នុងប្រទេសតួកគីនេះនឹងត្រូវយកទៅដាក់លក់នៅលើទីផ្សារនៃប្រទេសតួកកី ទីផ្សារក្នុងតំបន់អឺរ៉ុបទាំងមូល និងទីផ្សារសហរដ្ឋអាមេរិកផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

 

Share This Post: