អន្តរជាតិ

អាមេរិក សម្រេចលើកលែងបំណុលផ្កាថ្មតម្លៃ ៣៥លានដុល្លារពីឥណ្ឌូនេស៊ី

BY
Pheakdey
July 9, 2024

អាមេរិក៖ សហរដ្ឋអាមេរិកបានសម្រេចលើកលែង “បំណុលផ្កាថ្ម” តម្លៃ ៣៥លានដុល្លាចំពោះប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមកា​រចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៩​ ខែកក្កដា។ បើតាមរតនាគារសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការសម្រេចលើកលែងបំណុលនេះត្រូវបានធ្វើឡើងក្រោយក្រុមជំនាញបានមើលឃើញថាឥណ្ឌូនេស៊ីបានព្យាយាមធ្វើការស្តារនិងថែរក្សាផ្កាថ្មបានយ៉ាងល្អក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ពោលគឺស្របតាមអ្វីដែលក្រុមអ្នកជំនាញបានរំពឹងទុក។

សូមរម្លឹកជូនថា កាលពីឆ្នាំ ២០០៩កន្លងទៅ ឥណ្ឌូនេស៊ីនិងអាមេរិកបានយល់ព្រមចុះកិច្ចសន្យារួមគ្នាមួយជុំវិញគម្រោងស្តារនិងថែរក្សាផ្កាថ្មនៅដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ដោយនៅក្នុងកិច្ចព្រមព្រៀងនោះអាមេរិកបានផ្តល់ប្រាក់កម្ចីរយៈពេលវែងឱ្យទៅឥណ្ឌូនេស៊ីសម្រាប់ធ្វើកិច្ចការជាច្រើនក្នុងគោលដៅអភិរក្សផ្កាថ្ម ដែលជាប្រព័ន្ធជីវៈចម្រុះដ៏កម្រនៅក្រោមបាតសមុទ្រ ខណៈយោងតាមកិច្ចសន្យាគឺឥណ្ឌូនេស៊ីនឹងត្រូវសងប្រាក់បំណុលនេះទៅកាន់សហរដ្ឋអាមេរិកវិញក្នុងរយៈពេល ៩ឆ្នាំទៀតទើបអស់។ សូមបញ្ជាក់ជូនផងដែរថា នៅដែនសមុទ្រឥណ្ឌូនេស៊ីមានផ្កាថ្មចម្រុះប្រភេទគ្នានៅផ្ទៃបាតសមុទ្រប្រមាណជា ៥,១លានហិកតា ដែលស្មើនឹង ១៨%នៃផ្កាថ្មនៅលើពិភពលោកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: