គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ សមាជិក ប.ស.ស. នៃក្រសួងការងារ កើនឡើងដល់ជាង ២,២លាននាក់
- BY
- Liny Chan
- July 10, 2024
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សមាជិកសរុបនៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនឡើងដល់ជាង ២,២ លាននាក់ (២ ២២៩ ៥២២នាក់) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម កត្តា អ៊ន បានបញ្ជាក់លម្អិតថា ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើងគួរឲ្យកត់សំគាល់ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ ដែលបង្ហាញថាប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
ឯកឧត្តម ក៏បានគូសបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ សមាជិកសរុបដែលបានចុះឈ្មោះក្នុងបញ្ជិកាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន៖ ប.ស.ស. ផ្នែកថែទាំសុខភាពមានសមាជិកសរុបចំនួនជាង ២,២ លាននាក់ ក្នុងនោះមាន កម្មករនិយោជិតចំនួនជាង ១, ៥៦ លាននាក់ មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានចំនួនជាង ៤៣ ម៉ឺននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ១៧ ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ៥,៦ ម៉ឺន។ ដោយឡែក ប.ស.ស. ផ្នែកប្រាក់សោធន បានចុះបញ្ជិការោងចក្រ សហគ្រាសជាកាតព្វកិច្ចសរុប ចំនួន ២១ ២៨៨ មានកម្មករនិយោជិតសកម្មចំនួនជាង ១,៥៦ លាននាក់ និងបានចុះបញ្ជិកាកម្មករនិយោជិតដោយស្ម័គ្រចិត្តបានចំនួនជិត ៥ ពាននាក់។ ក្នុងឆមាសទី១ ឆ្នាំ២០២៤ សមាជិក ប.ស.ស. ផ្នែកប្រាក់សោធន បានចុះបញ្ជិកាសមាជិកថ្មី ដែលមានរោងចក្រ សហគ្រាសជាកាតព្វកិច្ច ចំនួន ៣ ០១៣ មានកម្មករនិយោជិតចំនួនជិត ១៣ម៉ឺននាក់ និងបានចុះបញ្ជិកាកម្មករនិយោជិតដោយស្ម័គ្រចិត្ត បានចំនួន ៩៤១នាក់។ ចំណែក ប.ស.ស. ផ្នែកហានិភ័យការងារ មានសមាជិកសរុបចំនួនជាង ១,៨ លាននាក់ ក្នុងនោះកម្មករនិយោជិតចំនួនជាង ១,៥៦ លាននាក់ មន្រ្តីរាជការសាធារណៈជាង ២៤,៦ ម៉ឺននាក់ និងបានអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបានជាង ១៣,៦ ម៉ឺននាក់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី ខេត្តទូទាំងប្រទេស រួមនិងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។
ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស. និងបានពន្យល់ថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិតបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុនដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: