អន្តរជាតិ

ស្រ្តីម្នាក់ត្រូវបានជួយសង្គ្រោះជីវិត ក្រោយបានអណ្តែតនៅលើទឹកសមុទ្រចម្ងាយ ៨០គីឡូម៉ែត្រពីឆ្នេរអស់រយៈពេល ៣៦ម៉ោង

BY
Pheakdey
July 11, 2024

ជប៉ុន៖ អាចនិយាយបានថាវាគឺជាសំណាងមួយនៅក្នុងមួយលានគ្រោះថ្នាក់ ដែលស្រ្តីម្នាក់បានអណ្តែតនៅផ្ទៃសមុទ្រអស់រយៈពេល ៣៦ម៉ោង និងស្ថិតនៅលើផ្ទៃសមុទ្រដែលមានចម្ងាយរហូតដល់ ៨០គីឡូម៉ែត្រពីឆ្នេរ តែរូបគាត់នៅតែមានសំណាងអាចគេចផុតពីសេចក្តីស្លាប់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១១ ខែកក្កដានេះបានឲ្យដឹងថា រឿងរ៉ាវដ៏កម្រនេះបានកើតឡើងនៅក្នុងដែនសមុទ្ររបស់ប្រទេសជប៉ុន ខណៈស្រ្តីរងគ្រោះនៅក្នុងករណីនេះគឺជាពលរដ្ឋជនជាតិចិន។

ឈ្មោះរបស់ស្រ្តីរងគ្រោះមិនត្រូវបានគេបង្ហាញជាសាធារណៈឡើយ តែគេអាចដឹងត្រឹមថាគាត់មានអាយុជាង ២០ឆ្នាំ ហើយមុនពេលកើតហេតុស្រ្តីរងគ្រោះបានទៅស្នាក់នៅក្នុងទីក្រុង Shizuoka នៃប្រទេសជប៉ុន។ ប្រភពខាងលើបានបន្តថា នៅម៉ោង ៧ និង ៥៥នាទីល្ងាចនៃថ្ងៃទី៨ កន្លងទៅ អាជ្ញាធរជប៉ុនបានទទួលដំណឹងពីក្រុមមិត្តភក្តិរបស់ស្រ្តីរងគ្រោះថា រូបនាងបានបាត់ខ្លួនបន្ទាប់ពីបាននាំគ្នាទៅលេងនៅឆ្នេរសមុទ្រ និងស្នើសុំអន្តរាគមន៍ដើម្បីស្វែងរករូបនាង។

ភ្លាមៗនោះប្រតិបត្តិការណ៍ស្វែងជនរងគ្រោះក៏បានចាប់ផ្តើម ហើយរយៈពេល ៣៦ម៉ោងក្រោយមកទើបគេអាចរកឃើញរូបគាត់កំពុងអណ្តែតនៅលើផ្ទៃទឹកដែលមានចម្ងាយ ៨០គីឡូម៉ែត្រពីឆ្នេរដោយសារតែគាត់បានពាក់អាវពោងជាប់នឹងខ្លួន។ សូមបញ្ជាក់ថា ការអណ្តែតនៅលើទឹកសមុទ្រអស់រយៈពេល ៣៦ម៉ោងដោយគ្មានអាហារនិងទឹកសាបញ៉ាំ ហើយថែមទាំងអាចគេផុតពីការវាយប្រហាររបស់ត្រីឆ្លាមទៀតនោះវាគឺជារឿងដែលកម្របំផុតនិងសំណាងបំផុតមួយនៅក្នុងជីវិតរបស់ស្រ្តីរងគ្រោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: