Huawei អះអាងថា «បច្ចេកវិទ្យាក្រុមហ៊ុនខ្លួនគ្មានហានិភ័យសុវត្ថិភាពនោះទេ» ក្រោយអាឡឺម៉ង់គ្រោងហាមឃាត់ផលិតផលមួយចំនួន
- BY
- Pheakdey
- July 12, 2024
(ចិន)៖ ក្រុមហ៊ុន Huawei បានចេញមកធ្វើការបញ្ជាក់ថា គ្មានភស្តុតាងជាក់លាក់ណាមួយបង្ហាញថាបច្ចេកវិទ្យារបស់ក្រុមហ៊ុនខ្លួនអាចបង្កហានិភ័យផ្នែកសុវត្ថិភាពនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១២ ខែកក្កដា។ ការឆ្លើយតបនេះត្រូវបានធ្វើឡើងក្រោយប្រទេសអាឡឺម៉ង់គ្រោងធ្វើការហាមឃាត់ផលិតផលមួយចំនួនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនមួយនេះជុំវិញបញ្ហាហានិភ័យផ្នែកសុវត្ថិភាព។

គួរកត់សម្គាល់ថា បញ្ហាចម្រូងចម្រាសខាងលើនេះមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសចិនជាមួយនិងបណ្តាប្រទេសមួយចំនួនតំបន់អឺរ៉ុបហើយរួមទាំងសហរដ្ឋអាមេរិកផងដែរ ដោយក្រុមប្រទេសធំៗទាំងអស់នេះតែងធ្វើការចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់ប្រទេសចិនគឺជាចារកម្មរបស់រដ្ឋាភិបាលចិន និងតែងតែលួចតាមដានព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ដើម្បីផ្តល់ទៅឱ្យរដ្ឋាភិបាលចិន។ ជាក់ស្តែងសូម្បីតែបណ្តាញសង្គម TikTok ក៏បានត្រូវរដ្ឋាភិបាលអាមេរិកធ្វើការចោទប្រកាន់ចំពោះករណីដូចគ្នានេះដែរ ហើយនៅពេលដ៏ខ្លីខាងមុខនេះសហរដ្ឋអាមេរិកក៏អាចនឹងឈានដល់ការហាមឃាត់កម្មវិធី TikTok នៅក្នុងប្រទេសខ្លួនទាំងស្រុងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






