អន្តរជាតិ

ជប៉ុនទាញសញ្ញាព្រមានកម្រិតខ្ពស់ជុំវិញបញ្ហាខ្វះខាតថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ក្នុងរដូវក្តៅនេះ

BY
Pheakdey
July 13, 2024

ជប៉ុន៖ ប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាខ្វះខាតអគ្គិសនីក្នុងបរិមាណដ៏ច្រើនមួយសម្រាប់ផ្គត់ផ្គង់នៅក្នុងរដូវក្តៅឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែកក្កដា។ ការប្រឈមនឹងបញ្ហាខាងលើនេះបានកើតឡើងក្រោយពេលដែលសីតុណ្ហភាពនៅក្នុងប្រទេសជប៉ុនបានកើតឡើងយ៉ាងខ្ពស់ ដែលធ្វើឱ្យក្រុមប្រជាពលរដ្ឋមានតម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់ កង្ហារ និងឧបករណ៍អេឡិចត្រូចនិចផ្សេងៗច្រើនជាងមុនទេ្វដង។

បើតាមលោក Ken Saito រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុនបានបញ្ជាក់ថា នៅចំពោះមុខស្ថានភាពខ្វះខាតការផ្គត់ផ្គង់អគ្គិសនីនេះអាជ្ញាធរបានដាក់ចេញនូវសេចក្តីព្រមាន និងការទាញសញ្ញាអាសន្នកម្រិតខ្ពស់មួយ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងបានយល់ពីអ្វីដែលពួកគេត្រូវចូលរួមធ្វើក្នុងអំឡុងដែលមានការខ្វះខាតអគ្គិសនីនេះ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ចំពោះអាជ្ញាធរបានត្រៀមមធ្យោបាយជាច្រើនរួចហើយដើម្បីឆ្លើយតបជាមួយនឹងបញ្ហាខាងលើនេះ ខណៈប្រជាពលរដ្ឋក៏ត្រូវចូលរួមជួយផងដែរតាមរយៈការជួយសន្សំសំចៃថាមពលអគ្គិសនី ពោលត្រូវកាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដែលមិនសូវចាំបាច់ ហើយក្នុងពេលប្រើប្រាស់ម៉ាស៊ីនត្រជាក់សុំកុំដាក់សីតុណ្ហភាពទាបខ្លាំងពេកដ្បិតវានឹងធ្វើឱ្យម៉ាស៊ីនត្រជាក់ស៊ីភ្លើងកាន់តែខ្លាំង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: