ក្រុមហ៊ុន TikTok អះអាងថា តម្លៃលក់ផលិតផលវប្បធម៌កូរ៉េ នឹងកើនឡើងដល់ ១៤៣ពាន់លានដុល្លារនៅឆ្នាំ ២០៣០
- BY
- Pheakdey
- July 15, 2024
(អន្តរជាតិ)៖ ការសិក្សាមួយបានបង្ហាញថា តម្លៃលក់របស់ផលិតផលវប្បធម៌កូរ៉េ (Korean Cultural Product) នៅក្នុងទីផ្សារពិភពលោកអាចនឹងកើតឡើងរហូតដល់ ១៤៣ពាន់ដុល្លារនៅក្នុងឆ្នាំ២០៣០ ដោយសារតែឥទ្ធិពលនៃបណ្តាញសង្គម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៥ ខែកក្កដា។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន TikTok សហការណ៍ជាមួយក្រុមហ៊ុន Kantar ដែលជាក្រុមហ៊ុនជំនាញផ្នែកវិភាគទិន្នន័យមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។

នៅក្នុងការសិក្សាខាងលើបានបង្ហាញថា ការចាប់អារម្មណ៍ទៅលើផលិតផលដែលជាវប្បធម៌កូរ៉េពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោកកាន់តែមានច្រើនឡើងៗជាពិសេសនោះគឺនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម TikTok តែម្តង។ ទិន្នន័យនៅក្នុងការសិក្សាក៏បានបង្ហាញផងដែរថា នៅត្រឹមឆ្នាំ ២០២៥ខាងមុខនេះសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិកនិងនៅតំបន់អាស៊ីអាគ្នេយ៍គឺវីដេអូចំនួន ៧ ក្នុងចំណោម វីដេអូចំនួន ១០ ដែលពួកគេមើលក្នុង TikTok នឹងក្លាយជាប្រភេទវីដេអូដែលជាប់ទាក់ទងជាមួយនឹងផលិតផលកូរ៉េ ហើយកត្តានេះបានកើតឡើងដោយសារតែពួកគេខ្លួនឯងដែលចេះតែចូលចិត្តមើលនិងចាប់អារម្មណ៍លើវីដេអូប្រភេទនេះ។ សូមបញ្ជាក់ជូនថា ផលិតផលដែលជាវប្បធម៌កូរ៉េនោះមានដូចជា គ្រឿងសម្អាង ម្ហូបអាហារ សំលៀកបំពាក់ និងសម្ភារប្រើប្រាស់មួយចំនួនផងដែរ ខណៈនិន្នាការនៃការស្រលាញ់ចូលចិត្តផលិតផលកូរ៉េនេះបានកើតមានឡើងដោយសារតែឥទ្ធិពលរបស់តន្ត្រីកូរ៉េ (K-pop) និងខ្សែភាពយន្តកូរ៉េ (K-drama)៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






