ភ្លៀងធ្លាក់ខ្លាំងមួយមេ ធ្វើឱ្យពលរដ្ឋអាហ្វហ្គានីស្ថាន ៣៥នាក់បានបាត់បង់ជីវិត និង ២៣០នាក់បានរងរបួស
- BY
- Pheakdey
- July 16, 2024
អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់មានពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ៣៥នាក់បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងធ្លាក់ខ្លាំងមួយមេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៦ ខែកក្កដា។ ហេតុការណ៍មានភ្លៀងធ្លាក់ប្រកបដោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនេះបានកើតឡើងនៅក្នុងក្រុង Jalalabad និងតំបន់ភាគកណ្តាលនៃខេត្ត Nangarhar ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សអស់ជាង ៣៤នាក់ហើយ ឥទ្ធិពលរបស់ភ្លៀងក៏បានបណ្តាលឱ្យមានពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ២៣០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ សូមបញ្ជាក់ជូនថា នៅក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងគឺវាបានបណ្តាលឱ្យមានដើមឈើជាច្រើនបានបាក់សង្កត់មកលើក្រុមអ្នកដំណើរដែលកំពុងបើកបរលើដងផ្លូវ ហើយផ្ទះនិងអគារមួយចំនួនត្រូវបានដួលរលំ ខណៈពលរដ្ឋមួយចំនួនត្រូវហូរបោកទៅតាមកម្លាំងជំនន់ទឹកភ្លៀងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






