អន្តរជាតិ

ករណីជនជាតិវៀតណាម​ ៦នាក់បានបាត់បង់ជីវិតនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ក្នុងប្រទេសថៃ តាមរយៈការដាក់ថ្នាំពុលក្នុងទឹកតែ ទំនងមកពីបញ្ហាបំណុល

BY
Pheakdey
July 17, 2024

ថៃ៖ ពលរដ្ឋវៀតណាមចំនួន ៦នាក់ត្រូវ​បានគេប្រទះឃើញដេកស្លាប់នៅក្នុងសណ្ឋាគារដ៏ប្រណិតមួយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី១៧ ខែកក្កដា។ សណ្ឋាគារដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Grand Hyatt Erawan ជាសណ្ឋាគារលំដាប់ផ្កាយ ៥ ហើយសាកសពរប​ស់ជនរងគ្រោះទាំង ៦នោះត្រូវបានគេរកឃើញក្នុងរយៈពេលប្រមាណជា ២៤ម៉ោងក្រោយពីពួកគេបានស្លាប់។

ប្រភពខាងលើបានបន្តថា ជនរងគ្រោះអស់បានស្លាប់ដោយសារតែការលួចធ្វើឃាតតាមរយៈការដាក់សារធាតុគីមីប្រភេទ cyanide នៅក្នុងទឹកតែរបស់ពួកគេ។ បើតាមប៉ូលិសជំនាញថៃបានធ្វើការសន្និដ្ឋានថា អ្នកលួចដាក់ថ្នាំពុលនោះទំនងជាមនុស្សម្នាក់នៅក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នោះ ខណៈហេតុផលចម្បងដែលនាំឱ្យមានករណីឃាតកម្មដ៏ឃោឃៅនេះទំនងជាបញ្ហាបំណុល ដ្បិតគេបានរកឃើញថាជនរងគ្រោះចំនួន ២នាក់នៅក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នោះគឺជាអ្នកកំពុងជាប់ជំពាក់បំណុលគេក្នុងទំហំទឹកប្រាក់ប្រមាណជា​ ២៨០,០០០ ដុល្លារ។ ​សូមបញ្ជាក់ជូនថា ក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នោះគឺមានបុរស ៣នាក់ និងស្រ្តី ៣នាក់ មានអាយុចន្លោះពី ៣៧ឆ្នាំ ដល់ ៥៥ឆ្នាំ​ មានបុរសនិងស្រ្តីមួយគូគឺជាប្តីប្រពន្ធនិងគ្នា ហើយជនរងគ្រោះ ២នាក់ផ្សេងទៀតមានសញ្ជាតិអាមេរិកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: