អន្តរជាតិ

មនុស្សក្នុងយន្តហោះទាំងអស់បានបាត់បង់ជីវិត មានតែពីឡុតម្នាក់រស់រានមានជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសនេប៉ាល់

BY
Pheakdey
July 24, 2024

នេប៉ាល់៖ ​យ៉ាងហោចណាស់មានមនុស្សចំនួន ១៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសនេប៉ាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃពុធ ទី២៤ ខែកក្កដា។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកដំណើរខ្នាតតូចរបស់ក្រុមហ៊ុន The Saurya Airlines ហើយការហោះហើរនេះទៀតសោធគឺគ្រាន់តែជាការហោះហើរសាកល្បងរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។

បើតាមលោក Dan Bahadur Karki ដែលជាអ្នកនាំពាក្យឱ្យស្ថាប័នប៉ូលិសជំនាញនេប៉ាល់បានបញ្ជាក់ថា នៅក្នុងយន្តហោះដែលជួបគ្រោះថ្នាក់ខាងលើនេះគឺមានផ្ទុកមនុស្សសរុបរហូតដល់ទៅ ១៩នាក់ ក្នុងនោះមនុស្ស ២នាក់គឺជាក្រុមអ្នកបើកបរ និង ១៧នាក់ផ្សេងទៀតគឺជាបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ The Saurya Airlines ដែលត្រូវបានក្រុមហ៊ុនជ្រើសរើសឱ្យមកជិះយន្តហោះសាកល្បងក្នុងនាមជាអ្នកដំណើរ។ ប្រភពខាងលើនេះបានបន្តថា ភ្លាមៗក្រោយយន្តហោះធ្លាក់ក្រុមអ្នកជួយសង្គ្រោះបានទៅជួយទាញយកអ្នកបើកបរម្នាក់ប៉ុណ្ណោះពីក្នុងអណ្តាតភ្លើង ខណៈ ១៨នាក់ផ្សេងទៀតបានស្លាប់នៅក្នុងអណ្តាតភ្លើងយ៉ាងអាណោចអាធ័មជាទីបំផុត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: