អន្តរជាតិ

ព្យុះទីហ្វុង Gaemi បានបណ្តាលឱ្យពលរដ្ឋតៃវ៉ាន់ ២នាក់បាត់បង់ជីវិត និងជាង ២០០នាក់កំពុងរងរបួស

BY
Pheakdey
July 25, 2024

តៃវ៉ាន់៖ ព្យុះទីហ្វុង Gaemi បានធ្វើដំណើរទៅដល់កោះវ៉ាន់ហើយ និងកំពុងតែបង្កការគំរាមគំហែងយ៉ាងចំពោះការរស់នៅនិងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា។ បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា ព្យុះបានធ្វើដំណើរក្នុងល្បឿន ២២៧គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាគឺជាព្យុះដ៏មានគ្រោះថ្នាក់បំផុតមួយសម្រាប់កោះតៃវ៉ាន់ បើគិតក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។ 

ប្រភពខាងលើបានបន្តថា ឥទ្ធិពលរប​ស់ព្យុះទីហ្វុង Gaemi បានបង្កឱ្យមានខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្ខំឱ្យក្រុមអ្នកនេសាទតៃវ៉ាន់ជាច្រើនត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ហើយមធ្យោបាយធ្វើដំណើរតាមផ្លូវសមុទ្រជាច្រើនក៏ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិនផងដែរ។ ចំពោះគ្រោះថ្នាក់ដែលបានកើតឡើងចំពោះមនុស្សវិញ គឺគិតត្រឹមពេលនេះព្យុះទីហ្វុង Gaemi បានបណ្តាលឱ្យពលរដ្ឋតៃវ៉ាន់ចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត ខណៈពលរដ្ឋចំនួន ២៦៦ផ្សេងទៀតបានរងរបួសផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: