តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះ Gaemi នៅហ្វីលីពីនបន្តកើនឡើងដល់ ២០នាក់
- BY
- Pheakdey
- July 26, 2024
ហ្វីលីពីន៖ តួលេខអ្នកស្លាប់ដោយសារព្យុះទីហ្វុង Gaemi នៅក្នុងប្រទេសហ្វីលីពីន បានកើតឡើងរហូតដល់ ២០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី២៥ ខែកក្កដា។ ឥទ្ធិពលរបស់ព្យុះដ៏គ្រោះថ្នាក់មួយនេះបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតធ្វើឱ្យមានទឹកជន់លិចនៅតាមតំបន់និងផ្លូវសំខាន់ៗជាច្រើនកន្លែងនៅក្នុងទីក្រុងម៉ានីល ដែលជារដ្ឋធានីរបស់ប្រទេសហ្វីលីពីនផងដែរ។

បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់រសាត់បាត់ទាំងស្រុងនៅឡើយទេ ខណៈតំបន់ដែលបានទទួលរងសម្ពាធទឹកភ្លៀងដ៏ច្រើនមួយចំនួនក៏កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយបន្ថែមទៀតផងដែរ នោះគឺបញ្ហាបាក់ដី ដែលជាបញ្ហាអាចបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងឆាប់រហ័ស ហើយគេក៏មិនអាចត្រៀមការពារខ្លួនទុកជាមុនបាន។ សូមបញ្ជាក់ជូនថា ក្រៅតែពីបានសម្លាប់មនុស្សអស់ជាច្រើននាក់ហើយ ឥទ្ធិពលរបស់ព្យុះក៏បានបង្ខំឱ្យពលរដ្ឋហ្វីលីពីនជាង ៦០០,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






