ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់មានសមត្ថភាពអាចសរសេរកូដផលិតគ្រាប់រ៉ុកកែតបានដោយខ្លួនឯង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសចិន
- BY
- Pheakdey
- July 26, 2024
ចិន៖ ក្មេងប្រុសដែលទើបមានអាយុត្រឹមតែ ១១ឆ្នាំម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសចិនក្រោយរូបបានបង្ហាញសមត្ថភាពដ៏អស្ចារ្យមួយក្នុងការសរសេរកូដ (Code) សម្រាប់ផលិតគ្រាប់រ៉ុកកែត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post បានឱ្យដឹងថា ក្មេងប្រុសដែលមានទេពកោសល្យដ៏ពិសេសនេះមានឈ្មោះថា Yan Hongsen ជាកូនសិស្សកំពុងរៀនថ្នាក់ទី ៥ រស់នៅក្នុងខេត្ត Zhejiang ភាគខាងលិចប្រទេសចិន ហើយបច្ចុប្បន្នរូបគេទទួលបានឈ្មោះហៅក្រៅមួយបន្ថែមទៀតគឺ “Rocket Boy”។

ប្រភពខាងលើបានបន្តថា កុមារ Yan Hongsen ឬ Rocket Boy បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម TikTok ក្នុងប្រទេសចិន ក្រោយរូបគេបានបង្ហោះអំពីសកម្មភាពផលិតគ្រាប់រ៉ុកកែតដោយប្រើកូដចំនួន ៦០០បន្ទាត់ ហើយកូដទាំងនោះគឺត្រូវបានសរសេរឡើងដោយរូបគេផ្ទាល់តែម្តង ខណៈមនុស្សចាស់មួយចំនួនរួមទាំងអ្នកដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យមួយចំនួនផងនៅមិនទាន់មានសមត្ថភាពអាចសរសេរកម្មវិធីដ៏លំបាកនេះបាននៅឡើយទេ។
បើតាមក្រុមគ្រួសាររបស់កុមារ Yan Hongsen បានឱ្យដឹងថា រូបគេផ្តើមមានចំណាប់អារម្មណ៍ក្នុងការផលិតគ្រាប់រ៉ុកកែតតាំងពីអាយុ ៤ឆ្នាំម្លេះ ក្រោយពីរូបគេបានទៅទស្សនាដោយផ្ទាល់ជាមួយឪពុករបស់គេក្នុងការបាញ់បង្ហោះយាន Long March-2 ពីសំណាក់ក្រុមអ្នកអវកាសចិន។ ចាប់តាំងពីពេលនោះមក កុមារ Yan Hongsen បានចាប់ផ្តើមរៀនគណិតវិទ្យា គីមីវិទ្យា និងរូបវិទ្យាយ៉ាងខ្លាំង ដោយមានទាំងការរៀនបន្ថែមតាមប្រព័ន្ធ Online និងទិញសៀវភៅថ្មីៗយកមកស្រាវជ្រាវដោយខ្លួនផង ហើយបន្ថែមដោយមានការជម្រុញទឹកចិត្តនិងការជួយជ្រោមជ្រែងពីសំណាក់ក្រុមគ្រួសារយ៉ាងខ្លាំងទៀតនោះ ទើបធ្វើឱ្យរូបគេមានសមត្ថភាពយ៉ាងអស្ចារ្យក្នុងពេលដែលរូបគេទើបមានអាយុ ១១ឆ្នាំប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Moring Post
- Share This Post:






