អាជីវកម្មជាច្រើននៅបង់ក្លាដែស កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ក្រោយរដ្ឋាភិបាលសម្រេចផ្តាច់អ៊ីនធឺណិតទូទាំងប្រទេស
- BY
- Pheakdey
- July 27, 2024
(បង់ក្លាដែស)៖ អាជីវកម្មជាច្រើននៅក្នុងប្រទេសបង់ក្លាដែស កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំង ក្រោយរដ្ឋាភិបាលសម្រេចផ្តាច់អ៊ីនធឺណិតនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៧ ខែកក្កដា។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសនៅក្នុងប្រទេសបង់ក្លាដែសបានផ្តើមកើតឡើងចាប់តាំងតែពីថ្ងៃទី១៨ ខែកក្កដាមកម្លេះ ក្រោយក្រុមនិស្សិតបង់ក្លាដែលបាននាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាល។

បុព្វហេតុដែលនាំឱ្យមានការប្រឆាំងតវ៉ានោះទៀតសោធគឺបណ្តាលមកពីក្រុមនិស្សិតនិងប្រជាពលរដ្ឋក្រីក្រជាច្រើនមិនពេញចិត្តនឹងច្បាប់កំណត់កូតាជ្រើសរើសមន្ត្រីរាជការរបស់អាជ្ញាធរបង់ក្លាដែស ពោលគឺច្បាប់នោះបានកំណត់ថា ចំនួនមន្ត្រីរាជការចំនួន ៣០%នឹងត្រូវរក្សាទុកឱ្យកូនចៅជំនាន់ក្រោយរបស់ក្រុមមន្ត្រីរាជការដែលកំពុងធ្វើការងារក្នុងពេលបច្ចុប្បន្ន ឬទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់ក្រុមយោធាដែលបានមានស្នាដៃក្នុងកិច្ចការពារជាតិជាដើម។
ដោយសារច្បាប់ខាងលើ និងបន្ថែមដោយការមិនពេញចំពោះការដឹកនាំរបស់រដ្ឋាភិបាលផង ទើបក្រុមយុវជនបង់ក្លាដែសផ្តើមធ្វើបាតុកម្មដោយហិង្សានៅតាមទីតាំងសំខាន់ៗជាច្រើនក្នុងរដ្ឋធានីរបស់បង់ក្លាដែសដោយពួកគេបានប្រើប្រាស់បណ្តាញអ៊ីនធឺណិតសម្រាប់ធ្វើការទំនាក់ទំនងគ្នា។ ព្រោះហេតុផលនេះរដ្ឋាភិបាលបង់ក្លាដែសក៏បានសម្រេចផ្តាច់អ៊ីនធឺណិតមួយរយៈសិនក្នុងគោលបំណងកាត់ផ្តាច់ទំនាក់ទំនងក្នុងចំណោមក្រុមបាតុករ ខណៈគិតត្រឹមពេលនេះមានបាតុករចំនួន ១៤៧នាក់ហើយបានស្លាប់បាត់បង់ជីវិតដោយការបង្រ្កាបពីកងកម្លាំងបង់ក្លាដែស៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






