ក្រុមសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលថៃចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកធ្វើឱ្យមានការរាតត្បាតពូជ “ត្រីទីឡាបយ៉ាខ្មៅ” ដែលជាប្រភេទត្រីអាចបង្កគ្រោះថ្នាក់ដល់ពូជត្រីផ្សេងទៀត
- BY
- Pheakdey
- July 27, 2024
ថៃ៖ ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសថៃបានទាមទារឱ្យរដ្ឋាភិបាលថៃត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ចំពោះអ្នកដែលបានធ្វើឱ្យមានការរាតត្បាតពូជត្រីចម្លែកមួយប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់ពូជត្រីផ្សេងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសៅរ៍ ទី២៧ ខែកក្កដា។ ត្រីដែលក្រុមអ្នកជំនាញផ្នែកជលផលថៃចាត់ទុកថា ជាពូជត្រីចម្លែកនោះមានឈ្មោះជាភាសាអង់គ្លេសថា “Blackchin Tilapia” ឬប្រែសម្រួលជាភាសាខ្មែរគឺមានន័យថា “ទីឡាបយ៉ាចង្ការខ្មៅ” ខណៈជាទូទៅគេតែងហៅត្រីប្រភេទនេះត្រឹមថា “ត្រីទីឡាបយ៉ាខ្មៅ”។

បើតាមលោក Withoon Lienchamroon ដែលជានាយកនៃមូលនិធិ BioThai បានឱ្យដឹថា កាលពីឆ្នាំ ២០១០កន្លងទៅ រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យក្រុមហ៊ុន Charoen Pokphand Foods (CPF) នាំចូលត្រីប្រភេទនេះចំនួន ២,០០០ក្បាលពីប្រទេសហ្គាណាដើម្បីយកមកធ្វើការសិក្សាស្រាវជ្រាវនិងពិសោធក្នុងមជ្ឈមណ្ឌលបង្កាត់ពូជក្នុងខេត្ត Samut Songkhram ហើយ ៣សប្តាហ៍ក្រោយមកក្រុមហ៊ុន Charoen Pokphand Foods (CPF) បានប្រកាសថា ត្រីទាំង ២,០០០ក្បាលនោះបានងាប់អស់ហើយ។
យ៉ាងណាក្តី ២ឆ្នាំក្រោយមកគេបានប្រទះឃើញត្រីទីឡាបយ៉ាខ្មៅមានវត្តមាននៅក្នុងសង្កាត់ចំនួន ៣ក្នុងទីក្រុងបាកក ហើយនៅពេលបច្ចុប្បន្ននេះត្រីទីឡាបយ៉ាខ្មៅត្រូវបានក្រុមអ្នកជំនាញថៃអះអាងថា កំពុងមានវត្តមាននៅតាមតំបន់ជាច្រើនក្នុងខេត្តរបស់ថៃចំនួន ១៧ឯណោះ។ បើតាមក្រុមអ្នកជំនាញថៃបានបញ្ជាក់ថា ត្រីទីឡាបយ៉ាខ្មៅគឺជាពូជត្រីដែលស៊ីកូនត្រីផ្សេងទៀតជាអាហារ ដូចនេះបើមានត្រីទីឡាបយ៉ាខ្មៅកាន់តែច្រើនលទ្ធភាពនៃការធ្វើឱ្យហិនហោចពូជត្រីផ្សេងទៀតក៏មានកាន់តែខ្ពស់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






