អន្តរជាតិ

ត្រឹមមួយសប្តាហ៍លោកស្រី កាម៉ាឡា ហារីស អាចរៃអង្គាសប្រាក់ពីក្រុមអ្នកគាំទ្របានរហូតដល់ ២០០លានដុល្លារ

BY
Pheakdey
July 29, 2024

អាមេរិក៖ លោកស្រី កាម៉ាឡា ហារីស កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗនៅក្នុងចំណោមពលរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ បើទោះជាលោកស្រីទើបត្រូវបានជ្រើសរើសឱ្យក្លាយជាបេក្ខភាពប្រជែងយកតំណែងប្រធានាធិបតីបានត្រឹមតែ ១សប្តាហ៍ក៏ដោយ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៩ ខែកក្កដានេះបានឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះលោកស្រី កាម៉ាឡា ហារីស អាចធ្វើការរៃអង្គាសប្រាក់ពីក្រុមអ្នកគាំទ្របានរហូតដល់ ២០០លានដុល្លារអាមេរិក។

ប្រភពខាងលើបានបន្តថា ប្រាក់ទាំង ២០០លានដុល្លារនេះគឺជាបរិច្ចាគដោយស្ម័គ្រចិត្តពីសំណាក់ក្រុមអ្នកគាំទ្រប្រមាណជា ១៧០,០០០នាក់ សម្រាប់ទុកប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាការបោះឆ្នោត​​ ខណៈការបោះឆ្នោតជាតិនៅសហរដ្ឋអាមេរិកនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ។ សូមបញ្ជាក់ជូនថា លោកស្រី  កាម៉ាឡា ហារីស មានអាយុ ៥៩ឆ្នាំ​ បច្ចុប្បន្នមានតួនាទីជាអនុប្រធានាធិបតីអាមេរិក ហើយលោកស្រីត្រូវបានជ្រើសរើសឱ្យធ្វើជាបេក្ខជនប្រជែងយកតំណែងប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យជំនួសតំណែងរបស់លោកប្រធានាធិបតី ចូ បៃឌិន វ័យ ៨១ឆ្នាំ ដែលបានបោះបង់តំណែងកំពូលមួយនេះព្រោះតែបញ្ហាសុខភាពរបស់គាត់ ពោលគឺរូបគាត់មានវ័យចាស់ជរាទៅហើយ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: