អន្តរជាតិ

កូរ៉េខាងជើងកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ ក្រោយទទួលរងសម្ពាធទឹកភ្លៀងដ៏ច្រើនមិនធ្លាប់មានក្នុងរយៈពេលជិត ៣០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
July 29, 2024

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានធ្វើការចល័តឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿងយ៉ាងបន្ទាន់ ដើម្បីត្រៀមជួយក្រុមពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ​ ទី២៩ ខែកក្កដា។ សូមរម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះប្រទេសកូរ៉េខាងជើងបានទទួលរងទឹកភ្លៀងក្នុងកម្រិតរហូតដល់ ៤៦៣​មីលីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ២៩ឆ្នាំចុងក្រោយនេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា ឧទ្ធម្ភាគចក្រយោធាដែលកូរ៉េខាងជើងបានដាក់ពង្រាយនោះមានចំនួន ១០គ្រឿង និងបន្ថែមដោយទូកសង្គ្រោះរបស់កងទ័ពជើងទឹកមួយចំនួនទៀតផង ហើយគោលបំណងនៃការដាក់ពង្រាយនេះគឺដើម្បីងាយស្រួលយកម្ហូបអាហារទៅចែកជូនប្រជាពលរដ្ឋ និងជួយជម្លៀសប្រជាពលរដ្ឋក្នុងករណីដែលកម្រិតទឹកជំនន់កើនឡើងកាន់តែខ្ពស់ ឬក្នុងករណីបន្ទាន់ណាមួយ។ យ៉ាង​ណាក្តី គិតត្រឹមពេលនេះជំនន់ទឹកភ្លៀងដ៏កម្រនេះនៅមិនទាន់បណ្តាលឱ្យមានពលរដ្ឋកូរ៉េខាងជើងណាម្នាក់បានស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: