អន្តរជាតិ

សហព័ន្ធឧស្សាហកម្មថៃ៖ លំហូរផលិតផល Online តម្លៃថោកៗពីចិនធ្វើឱ្យរោងចក្រក្នុងស្រុកប្រឈមនឹងហានិភ័យ

BY
Pheakdey
August 1, 2024

ថៃ៖ សហព័ន្ធឧស្សាហកម្មថៃ (Federation of Thai Industries) បានសម្តែងនូវក្តីព្រួយបារម្ភមួយចំពោះលំហូរផលិតផលចិនដែលមានតម្លៃថោកៗ ថាអាចគំរាមគំហែងយ៉ាងខ្លាំងដល់ការផលិតនៅក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា។ ការសម្តែងនូវក្តីកង្វល់នេះត្រូវបានធ្វើឡើងក្រោយមានរោងចក្រជាច្រើននៅក្នុងប្រទេសថៃបានបិទទ្វារកាលពីពេលថ្មីៗនេះ និងស្របពេលដែលនិន្នាការទិញអីវ៉ាន់តាមប្រព័ន្ធ Online ពីប្រទេសចិនកាន់តែមានភាពពេញនិយមខ្លាំងក្នុងចំណោមពលរដ្ឋថៃ។  

បើតាមលោក Apichit Prasoprat ដែលជាអនុប្រធានសហព័ន្ធឧស្សាហកម្មថៃបានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលថៃមិនចាត់វិធានការណាមួយចំពោះទំនិញ Online ពីប្រទេសចិននោះទេ​គឺរោងចក្រជាច្រើនបន្ថែមទៀតនឹងបន្តបិទទ្វារ ហើយវាក៏អាចប៉ះពាល់ដល់វិស័យឧស្សាហកម្មថៃទាំងមូលផងដែរ។ លោក Apichit Prasoprat បានលើកឡើងថា តួយ៉ាងកម្មវិធីមួយរបស់ចិនគឺកម្មវិធី Temu បានដាក់លក់ផលិតផលដោយមានការបញ្ចុះតម្លៃរហូតដល់ទៅ ៩០% ដែលធ្វើឱ្យផលិតផលទាំងនោះមានតម្លៃថោកខ្លាំងបំផុត បើធៀបទៅនឹងផលិតផលដែលផលិតនៅក្នុងស្រុក​ ហើយនៅចំពោះមុខការលក់ជូនយ៉ាងពិសេសនេះគឺពលរដ្ឋភាគច្រើនបានសម្រេចទិញផលិតផលពីប្រទេសចិនដោយមើលរំលងផលិតផលនៅក្នុងស្រុកខ្លួនឯង។  អនុប្រធានសហព័ន្ធឧស្សាហកម្មថៃរូបនេះបានបន្តថា ផលិតផលថៃមិនអាចប្រកួតប្រជែងឈ្នះផលិតផលចិនបាននោះទេ ហើយបើទោះជាគេព្យាយាមដាក់លក់ផលិតផលក្នុងស្រុកក្នុងតម្លៃពិសេសយ៉ាងណាក៏ដោយក៏វានៅតែមានតម្លៃខ្ពស់ជាងផលិតផលចិនដែរ  ដ្បិតថ្លៃដើមនៃការផលិតក្នុងស្រុកវាខ្ពស់ស្រាប់ទៅហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: