អ្នកបើកបររថយន្តនៅក្នុងប្រទេសចិនកំពុងមើលឃើញពីបញ្ហាបាត់បង់ការងារ ក្រោយវត្តមានរថយន្តដំណើរការដោយគ្មានមនុស្សបើកបន្តកើនឡើង
- BY
- Pheakdey
- August 8, 2024
ចិន៖ នៅពេលវិស័យបច្ចេកវិទ្យាបានវិវឌ្ឍន៍ទៅរកភាពកាន់តែទំនើប តម្រូវការកម្លាំងពលកម្មមនុស្សត្រូវបានកាត់បន្ថយ ហើយមនុស្សមួយចំនួនក៏ត្រូវប្រឈមនឹងការបាត់បង់ការងារផងដែរ ដ្បិតបច្ចេកវិទ្យាមានសមត្ថភាពអាចបំពេញតួនាទីទាំងនោះជំនួសមនុស្សបានយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហាបានឱ្យដឹងថា ការងារជាអ្នកបើកបរថយន្តតាក់ស៊ីនៅក្នុងប្រទេសចិនកំពុងមើលឃើញពីផលប៉ះពាល់ជាបណ្តើហើយៗ ក្រោយចំនួនរថយន្តតាក់ស៊ី ដែលអាចដំណើរការបានដោយគ្មានអ្នកបើកបរបន្តកើនឡើង។ 
ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរចិនបានដាក់ឱ្យដំណើររថយន្តតាក់ស៊ីគ្មានមនុស្សបើកបរនៅក្នុងទីក្រុងចំនួន ១៩ហើយ ខណៈអាជ្ញាធរចិនក៏គ្រោងនឹងដាក់បន្ថែមនូវយានជំនិះឆ្លាតវ័យប្រភេទនេះ និងរួមទាំងរថយន្តក្រុងគ្មានមនុស្សបើកទៅកាន់ខេត្ត-ក្រុងសំខាន់ៗជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសផងដែរក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើតាមលោក Liu Yi ដែលជាអ្នកបើករថយន្តតាក់ស៊ីម្នាក់ក្នុងចំណោមអ្នកបើករថយន្តតាក់ស៊ីជាង ៧លាននាក់នៅក្នុងប្រទេសចិនឱ្យដឹងថា បើទោះជានាពេលបច្ចុប្បន្ននេះរថយន្តតាក់ស៊ីគ្មានមនុស្សបើកនិងរថយន្តក្រុងគ្មានមនុស្សបើកនៅមិនទាន់មានការប្រើប្រាស់យ៉ាងទូលំទូលាយក្តី តែបន្ថិចម្តងៗវានឹងចូលមកជំនួយការងាររបស់មនុស្សបាន ហើយនៅក្នុងរយៈពេលវែងទៅមុនទៀតគឺវាពិតណាស់ថា ក្រុមអ្នកបើកបរថយន្តជាច្រើន នឹងត្រូវប្រឈមនឹងការបាត់បង់ការងាររបស់ពួកគេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






