ជប៉ុនជួបគ្រោះរញ្ជួយដីលើកទី៣ ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ខណៈអ្នកជំនាញព្រមានថា ជប៉ុននឹងមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមនុស្សរាប់សែននាក់ត្រូវបាត់បង់ជីវិត
- BY
- Pheakdey
- August 10, 2024
ជប៉ុន៖ ប្រទេសជប៉ុនបានប្រឈមជាមួយនឹងគ្រោះរញ្ជួយដីមួយបន្ថែមទៀត ដែលជាគ្រោះរញ្ជួយដីលើកទី ៣ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ដ្បិតកាលពីថ្ងៃទី៨ កន្លងទៅជប៉ុនបានជួបគ្រោះរញ្ជួយដីចំនួន ២ដងរួចហើយ គឺគ្រោះរញ្ជួយដីកម្រិត ៦,៩ រ៉ិចទ័រ និងកម្រិត ៧,១ រ៉ិចទ័រ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ៩ ខែសីហានេះបានបញ្ជាក់ថា គ្រោះរញ្ជួយដីលើកទី ៣នេះបានកើតឡើងក្នុងកម្រិត ៥,៣រ៉ិចទ័រ ដែលបានបង្កើតឱ្យមានភាពរំញ័រនៅក្នុងទីក្រុងតូក្យូនិងតំបន់មួយចំនួនស្ថិតជុំវិញទីក្រុងតូក្យូផងដែរ។

យ៉ាងណាក្តី គ្រោះរញ្ជួយដីទាំង ៣លើកចុងក្រោយនេះមិនបានបណ្តាលឱ្យមានពលរដ្ឋជប៉ុនណាម្នាក់បានស្លាប់បាត់បង់ជីវិតនោះទេ ខណៈហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងអគារមួយចំនួនបានរងនូវការខូចខាត។ សូមរម្លឹកជូនផងដែរថា គ្រោះរញ្ជួយដីលើកទី ៣នេះ បានកើតឡើងក្រោយពេលក្រុមអ្នកជំនាញបានព្រមានថា ជប៉ុនអាចនឹងជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរក្នុងថ្ងៃណាមួយ ដែលគ្រោះរញ្ជួយដីនោះអាចបណ្តាលឱ្យមានមនុស្សស្លាប់រាប់សែននាក់ត្រូវស្លាប់បាត់បង់ជីវិត។ សូមរម្លឹកជូនផងដែរថា កាលពីឆ្នាំ២០១១ កន្លងទៅ ជប៉ុនធ្លាប់បានជួបប្រទះគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរម្តងរួចហើយ ដោយពេលនោះវាបានបណ្តាលឱ្យមានពលរដ្ឋជប៉ុនប្រមាណជា ១៨,៥០០នាក់បានស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






