អន្តរជាតិ

ចិនដាក់ចេញវិធានការត្រួតពិនិត្យគ្រប់ប្រភេទទំនិញ និងអ្នកដំណើរអន្តជាតិ ដើម្បីទប់ស្កាត់ការចម្លងជំងឺអុតស្វា

BY
Pheakdey
August 16, 2024

ចិន៖ ប្រទេសចិនបានសម្រេចដាក់ចេញវិធានការទប់ស្កាត់ការចម្លងជំងឺអុតស្វា (Mpox) ពីអ្នកដំណើរអន្តរជាតិជាថ្មីម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៦​ ខែសីហា។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយអង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់ការរាតត្បាតនៃជំងឺអុតស្វា (Mpox) នៅលើពិភពលោកក្នុងភាពមានអាសន្នជាថ្មីម្តងទៀតផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ពីរដ្ឋបាលគយចិនបានបញ្ជាក់ថា ក្នុងការអនុវត្តវិធានការខាងលើនេះគឺអាជ្ញាធរចិននឹងតម្រូវឱ្យ​​ក្រុមអ្នកដំណើរទាំងអស់ ដែលបានធ្វើដំណើរមកពីតំបន់ ឬប្រទេសមានការរាតត្បាតនៃជំងឺអុតស្វា ឬមានរោគសញ្ញាគួរឱ្យសង្ស័យណាមួយត្រូវតែធ្វើការកាសប្រាប់អាជ្ញាធរចិនពេលមកដល់ទឹកដីចិនភ្លាម ដើម្បីឱ្យក្រុមអ្នកជំនាញចិនងាយស្រួលចាត់វិធានការបន្ថែមទៀតចំពោះពួកគេ។

ជាងនេះទៅទៀត គ្រប់ទំនិញ យានជំនិះ និងសូម្បីតែកុងទ័រណឺ ដែលគេប្រើសម្រាប់ផ្ទុកទំនិញផ្សេងៗមកពីក្រៅប្រទេសក៏ត្រូវឆ្លងកាត់ការសម្លាប់មេរោគដែរ ពេលមកដល់កំពង់ផែ ឬព្រលានយន្តហោះក្នុងប្រទេសចិនភ្លាម។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរនៅមិនទាន់រកឃើញមានករណីអ្នកឆ្លងជំងឺអុតស្វានៅក្នុងចំណោមពលរដ្ឋខ្លួននៅឡើយទេ ហើយក្នុងចំណោមអ្នកដំណើរអន្តជាតិក៏មិនទាន់រកឃើញដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

Share This Post: