អន្តរជាតិ

ទីក្រុងសេអ៊ូល បំបែកកំណត់ត្រាមានបរិយាកាស “រាត្រីត្រូពិច” កម្រិតខ្ពស់បំផុតនិងវែងបំផុតមិនធ្លាប់មានក្នុងរយៈពេល ១១៧ឆ្នាំចុងក្រោយនេះ

BY
Pheakdey
August 17, 2024

កូរ៉េខាងត្បូង៖ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានបំបែកកំណត់ត្រាមានសីតុណ្ហភាពពេលរាត្រីខ្ពស់បំផុតនិងវែងបំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ១១៧ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៦ ខែសីហា។ សីតុណ្ហភាពដ៏ខ្ពស់បំផុតក្នុងពេលរាត្រីសម្រាប់ទីក្រុងសេអ៊ូលនោះគឺជាកម្រិតសីតុណ្ហភាព ដែលបានកើនឡើងលើសពី ២៥ អង្សាសេ ហើយសម្រាប់ប្រទេសកូរ៉េខាងត្បូង ដែលជាប្រភេទស្ថិតនៅតំបន់ត្រជាក់នោះបានហៅអាកាសធាតុពេលរាត្រីនេះថា “រាត្រីត្រូពិច”។

ប្រភពខាងលើបានបន្តថា  បរិយាកាសរាត្រីត្រពិចបានកើតមានឡើងនៅក្នុងទីក្រុងសេអ៊ូលអស់រយៈពេល​ ២៦ថៃ្ងជាប់គ្នាមកហើយ ខណៈវាគឺជាបាតុភូតរាត្រីត្រូពិច ដែលវែងបំផុតបើគិតចាប់តាំងពីឆ្នាំ១៩០៧ មក។ សូមបញ្ជាក់ជូនថា កម្រិតសីតុណ្ហភាព ដែលកើតឡើងខ្ពស់លើសពី ២៥អង្សាសេ​នៅក្នុងទីក្រុងសេអ៊ូលនោះ គឺវាបានកើតឡើងតាំងតែពីនៅន្លោះពីម៉ោង ៦ល្ងាចរហូតដល់ម៉ោង ៩ព្រឹកនៃថ្ងៃបន្ទាប់ទៀត ខណៈតាមធម្មតាសីតុណ្ហភាពនៅចន្លោះពេលនេះគួរតែចុះទៀបក្រោម២៥អង្សាសេ ឬត្រឹមខ្ទង់ជាង ១០អង្សាសេប៉ុណ្ណោះ។ យ៉ាងណាក្តី គិតត្រឹមពេលនេះបញ្ហាសីតុណ្ហភាពខាងលើមិនទាន់បង្កឱ្យមានពលរដ្ឋក្នុងទីក្រុងសេអ៊ូលណាម្នាក់បានរងគ្រោះថ្នាក់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: