WHO ព្រមានពីលទ្ធភាពរាតត្បាតជំងឺអុតស្វានៅអឺរ៉ុប ខណៈជំងឺនេះកំពុងរាតត្បាតខ្លាំងនៅអាហ្វ្រិករហូតបណ្តាលឱ្យមានអ្នកបាត់បង់ជីវិតជាង ៥០០នាក់
- BY
- Pheakdey
- August 17, 2024
អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីលទ្ធភាពនៃការរាតត្បាតជំងឺអុតស្វា (Mpox) នៅក្នុងតំបន់អឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី១៦ ខែសីហា។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលនៃប្រទេសស៊ុតអែតបានប្រកាសពីការរកឃើញករណីអ្នកវិជ្ជមានជំងឺអុតស្វាជាលើកដំបូងក្នុងប្រទេសរបស់ខ្លួន ហើយវាក៏ជាករណីដំបូងនៅក្នុងឆ្នាំនេះផងដែ ចំពោះករណីវិជ្ជមានជំងឺអុតស្វានៅក្រៅតំបន់អាហ្វ្រិក។

សូមបញ្ជាក់ជូនថា នៅតំបន់អាហ្វ្រិកកំពុងរងការរាតត្បាតនៃជំងឺអុតស្វាយ៉ាងខ្លាំង ហើយប្រទេសដែលកំពុងប្រឈមនឹងរលកនៃរាតត្បាតនោះមានដូចជា ដំបូងបានផ្ទុះខ្លាំងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រោយមកបានបន្តររាតត្បាតចូលទៅកាន់ប្រទេសប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្គង់ដាជាដើម។ ប្រភពខាងលើនេះបានបន្តថា បើគិតចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកទល់នឹងពេលនេះ សម្រាប់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាកន្លែងផ្តើមផ្ទុះការចម្លងដំបូងនោះគឺបានរកឃើញករណីអ្នកឆ្លងសរុបរហូតដល់ ១៥,៦៦៤ករណី ហើយនៅក្នុងនោះមានករណីអ្នកស្លាប់ចំនួន ៥៤៨ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






