គម្រោងសាងសង់ទំនប់ទឹកពីរ ក្នុងខេត្តមណ្ឌលគិរី នឹងជួយកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយសារទឹកជំនន់ និងរាំងស្ងួត
(មណ្ឌលគិរី)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និង មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត មណ្ឌលគិរី រួមជាមួយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង មន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ ពហុវិស័យក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) នៃប្រព័ន្ធទំនប់អាងទឹកអូរតេ និងទំនប់លើទំនប់ក្រោម ក្នុងភូមិសាស្ត្រក្រុងសែនមនោរម្យ និងស្រុកអូរាំង ខេត្តមណ្ឌលគិរី។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ទំនប់ អាងទឹកដ៏ធំទាំងពីរនេះ គឺជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់ ខេត្តក្នុងតំបន់ភូមិភាគឦសានដែល រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ផងដែរ ជាពិសេសធ្វើឱ្យបណ្តាខេត្តភូមិភាគឦសានបង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្ម និងបង្កើតបាននូវបរិស្ថានបៃតងគ្រប់ពេលវេលា ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា គម្រោងនេះក៏ នឹង ជួយកាត់បន្ថយ ហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែ កើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ស្របតាមគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ មោះមុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និង គណៈប្រតិភូ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិ្យវឌ្ឍនភាពការងារនៅតាមទំនប់អាងទឹកដូចជា ៖ ទី១)ទំនប់អាងទឹកអូរតេ ស្ថិតក្នុងស្រុកអូរាំង មានទំនប់ស្ទាក់ទឹក បេតុងប្រវែង ៣០៦ម៉ែត្រ ទី២) អាងទឹកទំនប់លើ ស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមាន ទំនប់អាងប្រវែង ៧៩៩ម៉ែត្រ និង ទី៣) អាងទឹកទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែ ង ១៤៨០ម៉ែត្រ។
សូមបញ្ជាក់ថា ក្រោម កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងអភិវឌ្ឍន៍ពហុវិស័យកសាងប្រព័ន្ធទំនប់អាងទឹកអូរតេ និង អាងទឹក ទំនប់លើទំនប់ក្រោម ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួនប្រមាណ ១២ លានម៉ែត្រគូប និង ជាប្រភព ទឹករស់សម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសាន ប្រទេសកម្ពុជា ក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA)៕





default

ប្រភព៖ ក្រសួងព័ត៌មាន