ម៉ាឡេស៊ី ទាញសញ្ញាព្រមានកម្រិតខ្ពស់ចំពោះជំងឺអុតស្វា និងកំណត់ឱ្យអ្នកដំណើរមកពីតំបន់កំពុងផ្ទុះការរាតត្បាតត្រូវតាមដានសុខភាពខ្លួនឯងរយៈពេល ២១ថ្ងៃ
- BY
- Pheakdey
- August 19, 2024
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបានសម្រេចទាញសញ្ញាព្រមានកម្រិតខ្ពស់ចំពោះករណីជំងឺអុតស្វា (Mpox) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា។ យ៉ាងណាក្តី គិតត្រឹមពេលនេះប្រទេសម៉ាឡេស៊ីនៅមិនទាន់រកឃើញករណីមានអ្នកឆ្លងជំងឺអុតស្វានៅក្នុងប្រទេសខ្លួននៅឡើយទេ សម្រាប់នៅក្នុងករណីផ្ទុះការរាតត្បាតជាសកលជាថ្មីម្តងទៀតនេះ ឬគិតចាប់តាំងពីដើមឆ្នាំ ២០២៤ រហូតមកទល់នឹងពេលនេះ។ 
យ៉ាងណាក្តី ដើម្បីទប់ស្កាត់ការចម្លងមេរោគមកពីក្រៅប្រទេស អាជ្ញាធរម៉ាឡេស៊ីបានដាក់ចេញវិធានបន្ទាន់មួយចំនួនដូចជា ដំឡើងកាមេរ៉ា និងម៉ាស៊ីនវាស់កម្តៅនៅតាមព្រលានយន្តហោះ ដើម្បីបន្ថែមការត្រួតពិនិត្យទៅលើក្រុមអ្នកដំណើរ ហើយចំពោះអ្នកដំណើរមកពីតំបន់ដែលកំពុងមានការរាតត្បាតជំងឺអុតស្វាខ្លាំងនឹងតម្រូវធ្វើការតាមដាននិងត្រួតពិនិត្យសុខភាពខ្លួនឯងរយៈពេល ២១ថ្ងៃផងដែរ ដោយគិតចាប់ពីថ្ងៃមកដល់ទឹកដីម៉ាឡេស៊ីភ្លាម។ សូមបញ្ជាក់ជូនថា ក្នុងពេលបច្ចុប្បន្ននេះជំងឺអុតស្វាកំពុងរាតត្បាតខ្លាំងនៅតំបន់អាហ្វ្រិក និងបានបណ្តាលឱ្យពលរដ្ឋក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោជាង ៥០០នាក់បានបាត់បង់ជីវិត ខណៈប្រទេសស៊ុតអែតនៅតំបន់អឺរ៉ុប និងប្រទេសហ្វីលីពីននៅតំបន់អាស៊ីទើបបានប្រកាសរកឃើញករណីអ្នកឆ្លងជំងឺអុតស្វាករណីទី១ ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






