អន្តរជាតិ

អាជ្ញាធរជប៉ុនបានលុបចោលជើងហោះហើរចំនួន ៣៦ ជាបន្ទាន់ ខណៈជើងហោះហើរចំនួន ២០១ ត្រូវបានពន្យាពេល ក្រោយមានសេចក្តីរាយការណ៍ថា មានកន្ត្រៃមួយបានបាត់នៅក្នុងព្រលានយន្តហោះ

BY
Pheakdey
August 22, 2024

ជប៉ុន៖ អាជ្ញាធរអាកាសចរណ៍ជប៉ុនបានលុបចោលជើងហោះហើរចំនួន ៣៦ជើងជាបន្ទាន់កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយសារមានកន្ត្រៃចំនួន ១បានបាត់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះក្នុងស្រុក New Chitose ដែលមានទីតាំងស្ថិតនៅក្នុងអាណាខេត្ត Hokkaido ភាគខាងជើងប្រទេសជប៉ុន ខណៈកន្ត្រៃដែលបានបាត់នោះគឺជាកន្ត្រៃនៅក្នុងហាងមួយកន្លែងនៅក្បែរច្រកទ្វារសម្រាប់អ្នកដំណើរដើរចូលក្នុងយន្តហោះ។

ប្រភពខាងលើនេះបានបន្តថា ក្រៅតែពីសម្រេចលុបចោលជើងហោះហើរអស់មួយចំនួនហើយ មានជើងហោះហើរចំនួន ២០១ជើងផ្សេងទៀតក៏ត្រូវបានពន្យាពេលផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងព្រលានយន្ត New Chitose បានពន្យល់ថា ភ្លាមៗក្រោយទទួលបានសេចក្តីរាយការណ៍ថា មានកន្ត្រៃចំនួន ១បានបាត់នៅក្បែរច្រកទ្វារសម្រាប់ដើរចូលក្នុងយន្តហោះនោះគឺគេបានសង្ស័យថា មានអ្នកដំណើរណាម្នាក់បានលួចយកកន្ត្រៃនោះសម្រាប់ទុកធ្វើសកម្មភាពទុច្ចរិតណាមួយ ដូចជាសកម្មភាពប្លន់ សម្លាប់ ឬភេរវកម្មជាដើម។

នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរជប៉ុនបានសម្រេចធ្វើការត្រួតពិនិត្យគ្រប់អ្នកដំណើរទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងបរិវេណនៃកន្លែងរង់ចាំការហោះហើរ ហើយអាជ្ញាធរបានប្រើពេលអស់ចំនួន ២ម៉ោងក្នុងប្រតិបត្តិការណ៍បន្ទាន់នេះ ខណៈលទ្ធផលចុងក្រោយគេមិនបានរកឃើញមានអ្នកដំណើរណាម្នាក់បានលាក់កន្ត្រៃនោះទេ។ អ្វីដែលជារឿងគួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុតនោះ គឺនៅក្នុងថ្ងៃបន្ទាប់គេក៏បានរកឃើញកន្ត្រៃនោះវិញនៅក្នុងហាងដដែល ពោលគឺនៅក្នុងហាងដែលបានរាយការណ៍ថាបាត់កន្ត្រៃនោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: