អ្នកជំនាញអន្តរជាតិម្នាក់បានលើកឡើងថា សកម្មភាពរត់នៅតាមប្រាសាទអាចធ្វើឱ្យខូចខាតថ្មប្រាសាទ និងប៉ះពាល់ដល់តម្លៃវប្បធម៌
- BY
- Pheakdey
- August 23, 2024
Real Life Temple Run ឬជាសកម្មភាពរត់នៅតាមប្រាសាទក្នុងប្រទេសកម្ពុជាដោយយកលំនាំតាមសកម្មភាពរត់នៅក្នុងហ្គេម “Temple Run” បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមលើពិភពលោក ខណៈវីដេអូខ្លះមានអ្នកចូលទស្សនារហូតដល់ខ្ទង់ជាង ២លានដងក្នុងរយៈពេលដ៏ខ្លីមួយ។ យ៉ាងណាក្តី អ្នកជំនាញអន្តរជាតិម្នាក់បានបញ្ចេញមតិថា សកម្មភាពដែលកំពុងពេញនិយមនេះអាចបង្កឱ្យមានផលប៉ះពាល់បែបអវិជ្ជមានមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់កាសែតអន្តរជាតិ The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៣ ខែសីហា។

អ្នកជំនាញរូបនេះគឺលោក Simon Warrack ជនជាតិអង់គ្លេស និងជាអ្នកជំនាញក្នុងការអភិរក្សប្រាសាទបុរាណ ហើយរូបលោកមានបទពិសោធន៍ធ្វើការងារនៅក្នុងវិស័យមួយនេះអស់រយៈពេល ៣០ឆ្នាំមកហើយ។ លោក Simon Warrack បានពន្យល់ថា ការរត់នៅតាមប្រាសាទអាចបង្កឱ្យមានផលប៉ះពាល់មួយចំនួនដូចជា ធ្វើឱ្យខូចខាតចំពោះថ្មប្រាសាទតាមរយៈការរត់ជាន់ពីលើខ្លាំងៗ ឬធ្វើឱ្យមានវត្ថុធ្លាក់ទៅលើថ្មប្រាសាទ ប៉ះពាល់ដល់តម្លៃវប្បធម៌និងវិញ្ញាណរបស់ប្រាសាទ ខណៈអ្នករត់ក៏អាចប្រឈមនឹងគ្រោះថ្នាក់ដូចជា ការដួល ឬប៉ះទង្គិចជាមួយប្រាសាទផងដែរ។ អ្នកជំនាញរូបនេះបានបន្តថា ប្រាសាទបុរាណ St Peters ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងសំណង់អគារបែបបុរាណជាច្រើននៅតំបន់អឺរ៉ុបមិនអនុញ្ញាតឱ្យភ្ញៀវទេសចររត់ឆ្លងកាត់ឡើង ហើយមានតែប្រាសាទនៅកម្ពុជាប៉ុណ្ណោះដែលអនុញ្ញាតឱ្យភ្ញៀវទេសចរធ្វើសកម្មភាពនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






