ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាងទឹកដងកាំបិតខេត្តកំពង់ធំ នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ ជាពិសសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយបញ្ចប់ការសាងសង់

    BY Nisaiy KN August 25, 2024
    អាងទឹកដងកាំបិតខេត្តកំពង់ធំ នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ ជាពិសសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយបញ្ចប់ការសាងសង់

    (កំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ហើយគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៧។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១) សាងសង់ទំនប់សរុបប្រវែង២៦៨០ម៉ែត្រ ក្នុងនោះទំនប់ដីខាងឆ្វេងប្រវែង១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង១១៨៨ ម៉ែត្រ និងទី២) សាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង១៦,៦គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុងនោះសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងឆ្វេងប្រវែង៣,១គីឡូម៉ែត្រ ពង្រីកផ្លូវចូលទំនប់ប្រវែង១០,៥គីឡូម៉ែត្រ និងសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងស្តាំប្រវែង ៣គីឡូម៉ែត្រ ។

    ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោង អភិវឌ្ឍន៍អាងទឹកដងកាំបិត នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអាហរ័ណ នីហរ័ណចិន (EXIMBANK) ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍអាងទឹកដងកាំបិតនេះ បានបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងទឹក និងបញ្ជាទឹក ដើម្បីធានានូវសន្ដិសុខសុវត្ថិភាពទឹក និងធានាការ ផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម។

    ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ថា គម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យជាពិសសការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងផ្នែកឧស្សាហកម្មកសិកម្មទេសចរណ៍ ដែលជាផ្នែក មួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

    ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើដល់ក្រុមការងារសាងសង់ ឱ្យបន្តយកចិត្តទុកដាក់លើគុណភាព បទដ្ឋាន បច្ចេកទេស និង ជំរុញអនុវត្តការងារឱ្យសម្រេចបានតាមការគ្រោងទុក ព្រមទាំងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធដើម្បីឱ្យដំណើរការសាងសង់សម្រេច បានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ និង ការប្រើប្រាស់ប្រចាំថ្ងៃ។

    សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៤១,៨១% ។ ក្រោយការសាងសង់រួច គម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោម បានប្រមាណ ១៣១ ៣២៣ហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោនទៅ៥,៤តោនក្នុងមួយហិកតា ដល់ប្រជាកសិករ ចំនួន ២៥ ០០០គ្រួសារ ក្នុងស្រុក បារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ៕








    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: