អន្តរជាតិ

ហ្វីលីពីនសម្រេចផ្អាកជើងហោះហើរ និងបន្តបិទសាលារៀនមួយចំនួន ដោយសារព្យុះត្រូពិច Yagi ខណៈតួលេខអ្នកបាត់បង់ជីវិតកើនឡើងដល់ ១១នាក់

BY
Pheakdey
September 2, 2024

ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារព្យុះត្រូពិច​ Yagi បានកើនឡើងដល់ ១១នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន ​Channel News Asia នៅល្ងាចថ្ងៃទី២ ខែកញ្ញា។ បើធ្វើការប្រៀបធៀបតួលេខអ្នកស្លាប់នៅល្ងាចនេះទៅនឹងតួលេខអ្នកស្លាប់កាលពីពេលថ្ងៃមិញគឺមានការកើនឡើងចំនួន ៧នាក់បន្ថែមទៀត ខណៈតួលេខនេះទំនងមិនមែនជាតួលេខចុងក្រោយនោះទេ ដ្បិតព្យុះត្រូពិច​ Yagi នឹងបន្តជះឥទ្ធិពលអាក្រក់ក្នុងប្រទេសហ្វីលីពីនជាច្រើនថ្ងៃបន្ថែមទៀត។

ប្រភពខាងលើបានបានបន្តថា នៅក្នុងចំណោមជនរងគ្រោះអ្នកស្លាប់បាត់បង់ជីវិតទាំងអស់ក៏មានទាំងទារកអាយុ ៩ខែ និងស្រ្តីមានផ្ទៃពោះផងដែរ ខណៈជនរងគ្រោះបានស្លាប់ដោយសារមូលហេតុផ្សេងៗគ្នាដូចជាលង់ក្នុងទឹកជំនន់ កប់ជាប់ក្នុងដីដែលបានបាក់ និងមានដើមឈើឬផ្ទះបាក់សង្កត់ពីលើជាដើម។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរហ្វីលីពីនបានសម្រេចបិទសាលាមួយចំនួន ផ្អាកដំណើរប្រព័​ន្ធរថភ្លើងក្រោមដី ផ្អាកជើងហោះហើរមួយចំនួនជាបណ្តោះអាសន្ន ខណៈពលរដ្ឋជាច្រើនរយនាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: