ក្រុមហ៊ុនមួយរបស់ថៃ អនុញ្ញាតឱ្យបុគ្គលិកមានថ្ងៃឈប់សម្រាកសម្រាប់ណាត់ជួបរកគូស្នេហ៍តាមរយៈកម្មវិធី Tinder
- BY
- Pheakdey
- September 4, 2024
ថៃ៖ ក្រុមហ៊ុនមួយរបស់ប្រទេសថៃបានអនុញ្ញាតឱ្យបុគ្គលិកខ្លួនទទួលបានថ្ងៃឈប់សម្រាកដ៏ពិសេសមួយ គឺថ្ងៃឈប់សម្រាក់ដើម្បីណាត់ជួបរកគូស្នេហ៍តាមរយៈកម្មវិធី Tinder (Tinder Leave) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៤ ខែកញ្ញា។ ក្រុមហ៊ុនដែលបានបង្កើតឱ្យមានច្បាប់ឈប់សម្រាកប្រចាំឆ្នាំយ៉ាងកម្រនេះគឺក្រុមហ៊ុនទីផ្សារមួយមានឈ្មោះថា Whiteline Group មានមូលដ្ឋាននៅក្នុងទីក្រុងបាងកក និងមានបុគ្គលិកកំពុងបម្រើការងារជាង ២០០នាក់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Whiteline Group បានឱ្យដឹងថា ច្បាប់ឈប់សម្រាកសម្រាប់ណាត់ជួបគូស្នេហ៍ខាងលើនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីពេលជូនដំណឹងនេះរហូតដល់ចុងឆ្នាំ២០២៤ យ៉ាងណាក្តីខាងក្រុមហ៊ុននៅមិនបានបញ្ជាក់អំពីចំនួនថ្ងៃសរុបដែលបុគ្គលិកអាចដាក់ច្បាប់ឈប់សម្រាកតាមរយៈច្បាប់នេះនៅឡើយទេ។ បន្ថែមពីអនុញ្ញាតឱបុគ្គលិកខ្លួនអាចទទួលបានថ្ងៃឈប់សម្រាកដ៏កម្រនេះហើយ ក្រុមហ៊ុន Whiteline Group ក៏បានប្រកាសជួយបង់ថ្លៃសម្រាប់ការចុះឈ្មោះជាសមាជិកសម្រាប់ប្រើប្រាស់កម្មវិធី Tinder កម្រិត Tinder Gold និង កម្រិត Tinder Platinum ផងដែរ។
បើតាមតំណាងរបស់ក្រុមហ៊ុន Whiteline Group បញ្ជាក់ថា ការសម្រេចអនុញ្ញាតឱ្យមានថ្ងៃឈាប់សម្រាកខាងលើនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យបុគ្គលិកខ្លួនមានពេលវេលាសម្រាប់ស្វែងរកគូស្នេហ៍ ដ្បិតបុគ្គលិកនៅក្នុងក្រុមហ៊ុនភាគច្រើនគឺសុទ្ធតែជាមនុស្សនៅលីវ និងមិនទាន់មានគូស្នេហ៍នៅឡើយទេ។ ខាងក្រុមហ៊ុនជឿថា នៅពេលបុគ្គលិកមានគូស្នេហ៍គឺជីវិតរបស់ពួកគេនឹងរីករាយជាងមុន ហើយភាពរីករាយនោះក៏អាចជម្រុញឱ្យពួកគេអាចបំពេញការងារបានកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






