និយតករសុវត្ថិភាពផ្លូវអាកាសរបស់អឺរ៉ុប បញ្ជាឱ្យមានការត្រួតពិនិត្យគ្រប់ម៉ាស៊ីនរបស់យន្តហោះប្រភេទ Airbus A350-1000 ជាបន្ទាន់
- BY
- Pheakdey
- September 6, 2024
អង់គ្លេស/បារាំង៖ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (The European Union Aviation Safety Agency) បានបានបញ្ជាឱ្យធ្វើការត្រួតពិនិត្យលើម៉ាស៊ីនរបស់យន្តហោះប្រភេទ Airbus A350-1000 ជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៦ ខែកញ្ញា។ សេចក្តីបង្គាប់ខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានយន្តហោះប្រភេទ Airbus A350-1000 មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways ស្រាប់តែមានបញ្ហាភ្លើងឆេះម៉ាស៊ីនក្នុងអំឡុងពេលកំពុងហោះហើរកាលពីប៉ុន្មានថ្ងៃមុននេះ។

យ៉ាងណាក្តី បញ្ហាមានភ្លើងឆេះម៉ាស៊ីនយន្តហោះនេះមិនបានបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបានបង្កឱ្យមានអ្នកដំណើរណាម្នាក់បានរងរបួសនោះទេ ដ្បិតយន្តហោះបានធ្វើការចុះចតទាន់ពេលវេលា ហើយគេក៏អាចជួយដោះស្រាយបញ្ហាបានទាន់ពេលវេលាផងដែរ។ ប្រភពខាងលើបានបន្តថា យន្តហោះប្រភេទ Airbus A350-1000 ដែលនឹងត្រូវធ្វើការត្រួតពិនិត្យនោះ គឺមានចំនួន ៨៦គ្រឿង ឬស្មើនឹង ១៥% នៃចំនួនយន្តហោះសរុបរបស់ក្រុមហ៊ុនផលិតយន្តហោះ Airbus ។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុនផលិតយន្តហោះ Airbus គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំង ខណៈក្រុមហ៊ុន Airbus បានបញ្ជាទិញគ្រឿងម៉ាស៊ីនមកពីក្រុមហ៊ុន Rolls-Royce របស់ប្រទេសអង់គ្លេស៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






