អន្តរជាតិ

ចិន បិទសាលារៀននិងលុបចោលជើងហោះហើរជាច្រើន ក្រោយការទៅដល់របស់ព្យុះត្រូពិច Yagi

BY
Pheakdey
September 6, 2024

ចិន៖ ព្យុះត្រូពិច Yagi បានធ្វើដំណើរទៅដល់ប្រទេសចិនហើយក្រោយបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៥ ខែកញ្ញា។ ទីតាំងដែលកំពុងរងឥទ្ធិពលពីព្យុះដ៏គ្រោះថ្នាក់នេះគឺខេត្ត Hainan ដែលស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសចិន។

នៅចំពោះមុខការមកដល់របស់ព្យុះត្រូពិច Yagi អាជ្ញាធរចិនបានសម្រេចបិទសាលារៀនមួយចំនួនជាបណ្តោះអាសន្ន និងលុបចោលជើងហោះហើរអស់ជាច្រើនផងដែរ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះបានបណ្តាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង តែព្យុះនៅមិនទាន់បានបង្កឱ្យមានពលរដ្ឋចិនណាម្នាក់រងរបួសនៅឡើយទេ។ គួររម្លឹកជូនថា មុនពេលធ្វើដំណើរទៅដល់ប្រទេសចិន ព្យុះត្រូពិច Yagi បានសម្លាប់មនុស្សនៅក្នុងប្រទេសហ្វីលីពីនអស់ចំនួន ១៣នាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើនកន្លែងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: