ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមអាវភ្លៀងទុក! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែកញ្ញា កម្ពុជា នឹងរងឥទ្ធិពលព្យុះស្ឃរា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    BY Khmernote Media September 6, 2024
    ត្រៀមអាវភ្លៀងទុក! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែកញ្ញា កម្ពុជា នឹងរងឥទ្ធិពលព្យុះស្ឃរា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

    ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះទី១១ ឈ្មោះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះស្ឃរា នឹងមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៖

    ១-តំបន់វាលទំនាប៖
    -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៥,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៦០%។

    ២-តំបន់ខ្ពង់រាប៖
    -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៤,៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%។

    ៣-តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពី ទិសនិរតីមានល្បឿនមធ្យម ៧,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំ បូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ ផ្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០%។
    -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,២៥ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: