តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះទីហ្វុង Yagi នៅវៀតណាម កើនឡើងដល់ ៣៥នាក់ ខណៈរាប់លានកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់
- BY
- Pheakdey
- September 9, 2024
វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងតំបន់ភាគខាងជើងប្រទេសវៀតណាមបានកើនឡើងចំនួន ១១នាក់បន្ថែមទៀត នេះបើយោងតាមសេចក្តីរាយការណ៍បន្ទាន់មួយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា។ ដូចនេះ គិតត្រឹមពេលនេះគឺតួលេខអ្នកស្លាប់បាត់បង់ជីវិតសរុបមានចំនួន ៣៥នាក់ ខណៈឥទ្ធិពលរបស់ព្យុះនៅមិនទាន់ថយចុះនៅឡើយទេ។

ប្រភពខាងលើនេះបានបន្តថា តួលេខអ្នកស្លាប់ខាងលើនេះទំនងមិនមែនជាតួលេខចុងក្រោយនោះទេ ដ្បិតគិតត្រឹមពេលនេះនៅមានពលរដ្ឋចំនួន ២៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនដោយគ្មានតម្រុយនៃការតាមស្វែងរកទាល់តែសោះ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់បន្ថែមថា ក្រៅតែពីបានបង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់បោកបក់ ទឹកជំនន់ និងបាក់ដីនេះហើយ ឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi ក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត Quang Ninh និងខេត្ត Haiphong អស់ជាច្រើនកន្លែងផង ខណៈគិតត្រឹមពេលនេះមានប្រជាពលរដ្ឋវៀតណាមរាប់លាននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






