អន្តរជាតិ

អូស្រ្តាលី គ្រោងអនុវត្តច្បាប់ហាមកុមារអាយុក្រោម ១៦ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម

BY
Pheakdey
September 10, 2024

អូស្រ្តាលី៖ រដ្ឋាភិបាលអូស្រ្តាលីគ្រោងនឹងអនុវត្តច្បាប់កំណត់អាយុអ្នកប្រើប្រាស់បណ្តាញសង្គម ដើម្បីការពារពលរដ្ឋវ័យក្មេងពីឥទ្ធិពលអវិជ្ជមានរបស់បណ្តាញសង្គមមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១០ ខែកញ្ញា។ គម្រោងនៃការអនុវត្តច្បាប់ខាងលើនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរអូស្រ្តាលីបានរកឃើញថា មានកុមារអូស្រ្តាលីមួយចំនួនបានក្លាយជាជនរងគ្រោះពីបណ្តាញអ៊ីនធឺណិតក្នុងរូបភាពផ្សេងៗចាប់តាំងពីការបៀតបៀនរហូតដល់ការស្រូបយកផ្នត់គំនិតបែបអវិជ្ជមានពីអ្វីដែលពួកគេបានឃើញនៅលើអ៊ីនធឺណិត។

បើតាមលោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese បានបញ្ជាក់ថា តាមគម្រោងគឺរដ្ឋាភិបាលចង់ធ្វើការហាមឃាត់កុមារ ដែលមានអាយុក្រោម ១៦ឆ្នាំ ឬក្រោម ១៤ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម Facebook  Instagram និង​ TikTok នោះទេ ដោយអាជ្ញាធរនឹងធ្វើការបិទគណនីរបស់ក្រុមអ្នកប្រើប្រាស់ដែលមានអាយុទាបជាងការកំណត់នេះចោលទាំងអស់តែម្តង។ លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា គិតត្រឹមពេលនេះក្រុមអ្នកជំនាញផ្នែកច្បាប់និងវិទ្យាសាស្រ្តសង្គមកំពុងសិក្សាថាតើ គួរកំណត់អាយុអ្នកប្រើប្រាស់ចាប់ពីអាយុ ១៦ឆ្នាំឡើងទៅ ឬចាប់ពីអាយុ ១៤ឆ្នាំឡើងទៅ ខណៈការសម្រេចុងក្រោយអាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ ២០២៤នេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: