ចិន អនុម័តវ៉ាក់សាំងជំងឺអឹមផកផលិតក្នុងស្រុកជាលើកដំបូង សម្រាប់ការប្រើប្រាស់សាកល្បង
- BY
- Pheakdey
- September 11, 2024
ចិន ៖ ប្រទេសចិនបានអនុម័តវ៉ាក់សាំងការពារជំងឺអឹមផក (Mpox) ក្នុងស្រុកជាលើកដំបូងសម្រាប់ប្រើប្រាស់សាកល្បង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១០ ខែកញ្ញា។ វ៉ាក់សាំងដំបូងរបស់ប្រទេសចិននេះត្រូវបានអភិវឌ្ឍន៍ឡើងដោយវិទ្យាស្ថានផលិតផលជីវសាស្រ្តសៀងហៃ ដែលជាស្ថាប័នមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន។

ប្រភពខាងលើនេះបានបន្តថា កាលពីឆ្នាំ ២០២០កន្លងទៅ វិទ្យាស្ថានខាងលើនេះក៏ធ្លាប់មានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ Sinopharm ផងដែរ ដែលវ៉ាក់សាំងប្រភេទនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ សូមបញ្ជាក់ជូនថា ប្រទេសចិននៅមិនទាន់រកឃើញមានករណីអ្នកឆ្លងជំងឺអឹមផកនៅឡើយទេសម្រាប់នៅក្នុងរលកនៃការររាតត្បាតថ្មីក្នុងឆ្នាំ ២០២៤នេះ ខណៈកាលពីឆ្នាំ ២០២២ កន្លងទៅ ប្រទេសចិនបានរកឃើញករណីអ្នកឆ្លងជំងឺអឹមផកសរុបជាង ២,៥០០ករណី តែគ្មានករណីអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






