អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះ Yagi នៅវៀតណាម កើនឡើងជិតដល់ ២២៦នាក់ ខណៈជាង ១០០នាក់កំពុងបាត់ខ្លួន

BY
Pheakdey
September 13, 2024

វៀតណាម៖ ​តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងតំបន់ភាគខាងជើងប្រទេសវៀតណាមបានកើនឡើងរហូតដល់ ​២២៦នាក់ហើយ​ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា។ ចំពោះចំនួនពលរដ្ឋដែលកំពុងបាត់ខ្លួនវិញហាក់មិនមានការប្រែប្រួលច្រើនគួឱ្យកត់សម្គាល់នោះទេ ពោលគឺនៅមានចំនួនជាង ១០០នាក់ដដែល។

យ៉ា​ងណាក្តី អាជ្ញាធរវៀតណាមបានព្យាករណ៍ថាតួលេខអ្នកស្លាប់បាត់បង់ជីវិតអាចបន្តកើនឡើងខ្ពស់ជាងនេះ ដ្បិតគេមិនសង្ឃឹមថាអ្នកដែលកំពុងខ្លួនទាំងអស់នោះសុទ្ធតែអាចមានសំណាងនៅរស់មានជីវិតនោះទេ។ ដោយឡែកចំពោះចំនួនអ្នករងរបួសវិញគឺមានខ្ទង់ជាង ៨០០នាក់ ដោយនៅក្នុងនោះមានចំនួនតូចបានរងរបួសកម្រិតធ្ងន់ធ្ងរផងដែរ។ អ្វីដែលជារឿងគួរឱ្យកត់សម្គាល់ថ្មីនោះ គឺស្ថានភាពទឹកជំនន់នៅក្នុងទីក្រុងហាណូយចាប់ផ្តើមថយចុះឥទ្ធិពលបន្តិចហើយ ដែលធ្វើឱ្យគេអាចរំពឹងថា អ្វីៗនឹងត្រលប់មករកភាពល្អប្រសើរវិញនៅក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: