អន្តរជាតិ

ចិនសម្រេចដំឡើងអាយុចូលនិវត្តន៍ពីការងាររបស់ពលរដ្ឋខ្លួនដល់អាយុ ៦៣ឆ្នាំ ដើម្បីទប់ទល់នឹងសម្ពាធសេដ្ឋកិច្ច

BY
Pheakdey
September 13, 2024

ចិន៖ ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិនបាននុម័តលើគម្រោងដំឡើងអាយុចូលនិវត្តន៍របស់ប្រជាពលរដ្ឋខ្លួនជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១៣ ខែកញ្ញា។ តាមគម្រោងច្បាប់ដំឡើងអាយុចូលនិវត្តន៍ពីការងារថ្មីនេះនឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំ ២០២៥ ខណៈអាយុដែលត្រូវដំឡើងនោះគឺមានរយៈពេលរហូតចន្លោះពី ៣-៥ឆ្នាំបន្ថែមទៀត។ 

ការដំឡើងអាយុចូលនិវត្តន៍ថ្មីនេះត្រូវបានអនុវត្តចំពោះក្រុមពលរដ្ឋដែលកំពុងធ្វើការងារនៅក្នុងក្របខណ្ឌចំនួន ២ផ្សេងគ្នា ដោយទី ១គឺសម្រាប់ក្រុមអ្នកធ្វើការងារដោយប្រើជំនាញខ្ពស់ឬប្រើចំណេះដឹង ដែលបុរសត្រូវដំឡើងពីអាយុ ៦០ឆ្នាំទៅ ៦៣ឆ្នាំ និងស្រ្តីត្រូវដំឡើងពីអាយុ ៥៥ឆ្នាំទៅ ៥៨ឆ្នាំ។ ចំពោះក្របខណ្ឌទី២ ដែលសំដៅទៅលើក្រុមកម្មករឬអ្នកធ្វើការងារដោយប្រើកម្លាំងពលកម្មវិញគឺស្រ្តីត្រូវដំឡើងពីអាយុ ៥០ឆ្នាំទៅដល់ ៥៥ឆ្នាំ ខណៈសម្រាប់បុរសគឺដំឡើងពី ៦០ឆ្នាំទៅដល់៦៣ឆ្នាំដូចអ្នកធ្វើការងារនៅក្នុងក្របខណ្ឌទី ១ដែរ ។ ប្រភពខាងលើបានបន្តថា​ ច្បាប់កំណត់អាយុចូលនិវត្តន៍ថ្មីនេះនឹងត្រូវអនុវត្តន៍ក្នុងរយៈពេល ១៥ឆ្នាំ ដោយគិតពីឆ្នាំ២០២៥នេះទៅ ខណៈនៅក្រោយរយៈពេលកំណត់នេះ រដ្ឋាភិបាលចិននឹងពិចារណាជាថ្មីម្តងទៀតថាត្រូវបន្តអនុវត្តច្បាប់នេះដដែលឬមានការកំណត់អាយុជាថ្មីម្តង។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ការអនុវត្តច្បាប់កំណត់អាយុចូលនិវត្តន៍ថ្មីដែលអនុញ្ញាតឱ្យពលរដ្ឋអាចធ្វើការងារបានយូរជាងមុន ៣ឆ្នាំនេះ ត្រូវបានធ្វើឡើងដើម្បីដើម្បីទប់ទល់នឹងសម្ពាធសេដ្ឋកិច្ចដែលកំពុងកើតមានក្រោយកម្លាំងពលកម្មបានធ្លាក់ចុះយ៉ាងច្រើន។ បន្ថែមពីលើហេតុផលចម្បងនេះ អាជ្ញាធរចិនក៏បានរកឃើញផងដែរថា អាយុសង្ឃឹមរស់ (Life Expectancy) ជាមធ្យមរបស់ពលរដ្ឋចិនមានការកើនឡើងខ្ពស់ជាងមុន ពោលគឺកើនឡើងពីអាយុត្រឹម ៤៤ឆ្នាំនៅក្នុងឆ្នាំ១៩៦០ មកដល់ ៧៨ឆ្នាំនៅក្នុងឆ្នាំ២០២១ ខណៈអាយុសង្ឃឹមរស់នេះត្រូវបានគេព្យាករណ៍ថា នឹងត្រូវកើនឡើងលើសពី ៨០ឆ្នាំ នៅត្រឹមឆ្នាំ២០៥០៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: