ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវដល់អ្នកហាត់គុន ប្រជាពលរដ្ឋ គាំទ្រ-តាមដាន ពីភាពចម្រុះដ៏សម្បូរបែបនៃយុទ្ធគុនចម្រុះជាកេរតំណែលព្រលឹងបុព្វបុរសខ្មែរ

    BY Nisaiy KN September 15, 2024
    ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវដល់អ្នកហាត់គុន ប្រជាពលរដ្ឋ គាំទ្រ-តាមដាន ពីភាពចម្រុះដ៏សម្បូរបែបនៃយុទ្ធគុនចម្រុះជាកេរតំណែលព្រលឹងបុព្វបុរសខ្មែរ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតីបានអំពាវនាវដល់អ្នកហាត់គុន ប្រជាពលរដ្ឋ យុវជនខ្មែរទូទាំងប្រទេស និងនៅក្រៅប្រទេសទាំងអស់សូមចូលរួមគាំទ្រ និងទស្សនាតាមដានពីភាពចម្រុះនៃភាពសម្បូរបែបរបស់យុទ្ធគុនចម្រុះខ្មែរបុរាណ ដើម្បីត្រៀមអបអរសាទរចំពោះស្នាដៃទេពកោសល្យរបស់កូនខ្មែរនៅក្នុងជំនាន់នេះ ដែលកំពុងខិតខំថែរក្សាយុទ្ធគុនសម្បត្តិបេតិកភណ្ឌ ដែលយើងកំពុងខិតខំជីកកកាយនូវកេរដំណែលព្រលឹងបុព្វបុរសខ្មែរឡើងវិញមកថែរក្សាឱ្យបានយូរអង្វែងតទៅមុខទៀត។

    ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ៖«ក្នុងនាមគណៈកម្មការចំពោះកិច្ចរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះ សូមការគាំទ្រពីអ្នកហាត់គុនខ្មែរទាំងអស់ឱ្យចូលរួមប្រកួតឱ្យបានគ្រប់ៗគ្នានូវទឹកចិត្តស្មារតីឱ្យបានផុសផុល ក្នុងចលនាជាតិមួយដ៏វិសេសវិសាល ដែលសម្តេចធិបតីបានផ្តល់ឱកាសមកឱ្យយើងទាំងអស់គ្នា។ ក្រៅពីសុំការគាំទ្រពីអ្នកហាត់គុនទាំងអស់ យើងខ្ញុំក៏សូមអំពាវនាវដល់អ្នកហាត់គុនណាក៏ដោយ ក្នុងរង្វង់គ្រប់យុទ្ធគុនរបស់ខ្មែរត្រូវចូលរួមជាមួយគ្នា រួបរួមគ្នា សាមគ្គីភាពគ្នា។ រឿងសំខាន់មួយទៀត យើងសូមអំពាវនាដល់ប្រជាពលរដ្ឋ យុវជនខ្មែរទូទាំងប្រទេស និងនៅក្រៅប្រទេសទាំងអស់ចូលរួមគាំទ្រ និងទស្សនាតាមដានពីភាពចម្រុះនៃភាពសម្បូរបែបរបស់យុទ្ធគុនចម្រុះខ្មែរបុរាណ ដើម្បីត្រៀមអបអរសាទរចំពោះស្នាដៃទេពកោសល្យរបស់កូនខ្មែរនៅក្នុងជំនាន់នេះ ដែលកំពុងខិតខំថែរក្សាយុទ្ធគុនសម្បត្តិបេតិកភណ្ឌ ដែលយើងកំពុងខិតខំជីកកកាយនូវកេរដំណែលព្រលឹងបុព្វបុរសខ្មែរឡើងវិញនេះមកថែរក្សាឱ្យបានយូរអង្វែងតទៅមុខទៀត»។

    អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចរូបនេះក៏បានលើកបង្ហាញពីគោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះពានរង្វាន់សម្តេចធិបតីដែរថា គឺដើម្បីកូនខ្មែរគ្រប់ៗជំនាន់ៗបានយល់ច្បាស់អំពីយុទ្ធគុនខ្មែរដ៏ល្អផូរផង់របស់ជាតិខ្មែរយើង ដោយកុំឱ្យមានការភាន់ច្រឡំជាមួយគេ។ «ចង់ឱ្យមានការចងចំា ភាពកតញ្ញូ និងការដឹងគុណចំពោះបុព្វបុរសខ្មែរ ដើម្បីឱ្យព្រលឹងនៃយុទ្ធគុនរបស់បុព្វបុរសខ្មែរស្ថិតនៅក្នុងក្រអៅបេះដូងរបស់កូនខ្មែរគ្រប់ៗរូប និងគ្រប់ៗជំនាន់។ យើងសូមឱ្យកូនខ្មែរទាំងអស់ថែរក្សា បង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ក្នុងគោលដៅឱ្យភាពសាមគ្គីភាព ឯកភាពជាតិ ធ្វើឱ្យយើងស្រឡាញ់ទឹកដី ជាតិសាសន៍របស់យើង ដូនតាយើង និងស្រឡាញ់យុទ្ធគុនខ្មែរយើង ដែលប្រកបដោយលក្ខណៈវិទ្យាសាស្ត្រពិតប្រាកដផងដែរ»។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍បន្ថែម។

    គួរបញ្ជាក់ថា ក្នុងដំណើរការឆ្ពោះទៅរៀបចំការប្រកួតកីឡាដ៏ធំជាលើកដំបូងនេះ កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្រោមគំនិត ទស្សនទាន និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា ក្នុងការប្រមែលប្រមូល រៀបចំចងក្រងប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណនេះនឹងបង្កើតឱ្យបាននូវបរិយាកាសថ្មីមួយ ក៏ដូចជាបានបញ្រ្ជាបការយល់ដឹងអំពីស្នាដៃរបស់បុព្វបុរសទៅលើយុទ្ធគុនខ្មែរផងដែរ។ ក្រោមការផ្តល់អនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គណៈកម្មការចំពោះកិច្ចដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចកំពុងបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជំរុញឱ្យដំណើរការរៀបចំនេះទទួលបានជោគជ័យ ជាមួយនឹងកិច្ចសហការដ៏ជិតស្និទ្ធជាមួយសហព័ន្ធកីឡាជាតិពាក់ព័ន្ធចំនួន៤ គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សហព័ន្ធកីឡាយុទ្ធក្រមខម និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា៕



    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: