វៀតណាមបានខាតបង់សេដ្ឋកិច្ចអស់ជាង ១,៦ពាន់លានដុល្លារ ដោយព្យុះទីហ្វុង Yagi ខណៈពលរដ្ឋជាង ៣៥០នាក់បានបាត់បង់ជីវិត
- BY
- Pheakdey
- September 16, 2024
វៀតណាម៖ ការសិក្សាមួយបានបង្ហាញថា ប្រទេសវៀតណាមបានខាតបង់សេដ្ឋកិច្ចក្នុងទំហំប្រាក់ប្រមាណជា ៤០ពាន់ពាន់លានដុង (ជាង ១,៦ពាន់លានដុល្លារ) ដោយសារតែព្យុះទីហ្វុង Yagi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៦ ខែកញ្ញា។ ការខាតបង់នេះគឺការបូកបញ្ចូលទាំងការខូតខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការប៉ះពាល់ក្នុងសកម្មភាពអាជីវកម្ម ការដឹកជញ្ជូន វិស័យកសិកម្ម និងវិស័យទេសចរណ៍ផងដែរ។

គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះព្យុះទីហ្វុង Yagi ហាក់បានថយឥទ្ធិពលហើយ ខណៈពលរដ្ឋវៀតណាមដែលបានស្លាប់បាត់បង់ជីវិតសរុបមានចំនួនជាង ៣៥០នាក់ ហើយពលរដ្ឋប្រមាណជា ២,០០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។ ចំពោះផ្ទះរបស់ប្រជាពលរដ្ឋដែលបានរងនូវការខូចខាតវិញគឺមានចំនួនជាង ២៣០,០០០ខ្នង ហើយដីស្រែរបស់ប្រជាកសិករទំហំ ១៩០,០០០ហិកតាបានរងនូវការបំផ្លាញ ដំណាំផ្សេងៗប្រមាណជា ៤៨,០០០ហិចតាបានខូចខាតអស់ និងផ្លែឈើក្នុងទំហំផ្ទៃដីប្រមាណជា ៣១,០០០ហិកតាក៏បានហិនហោចអស់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






