ការសិក្សា៖ ពពួកបាក់តេរីដែលធន់ទៅនឹងថ្នាំកម្ចាត់មេរោគ នឹងបណ្តាលឱ្យមនុស្សជិត ៤០លាននាក់នៅលើពិភពលោកត្រូវបាត់បង់ជីវិតនៅក្នុងរយៈពេល ២៥ឆ្នាំទៀត
- BY
- Pheakdey
- September 17, 2024
បារាំង៖ ការសិក្សាមួយបានបង្ហាញថា នៅក្នុងរយៈពេល ២៥ឆ្នាំទៀតពពួកបាក់តេរីឬមេរោគដែលធន់ទៅនឹងថ្នាំសម្លាប់មេរោគនឹងបណ្តាលឱ្យមនុស្សនៅជុំវិញពិភពលោកប្រមាណជា ៣៩លាននាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទីអង្គារ ទី១៧ ខែកញ្ញា។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តជាច្រើននៅក្នុងប្រទេសបារាំង ហើយរបាយការណ៍នៃការសិក្សានេះក៏ត្រូវបានគេយកទៅចុះផ្សាយនៅក្នុងទិនានុប្បវត្តិ The Lancet ដែលជាទស្សនាវដ្តីវេជ្ជសាស្រ្តដ៏ល្បីនៅចក្រភពអង់គ្លេសផងដែរ។

នៅក្នុងការសិក្សាបានបង្ហាញថា ក្រោយប្រើប្រាស់ថ្នាំសម្លាប់មេរោគកាន់តែច្រើននិងជាប្រចាំក្នុងរយៈពេលវែងគឺមេរោគឬបាក់តេរីមួយចំនួននៅក្នុងរាងកាយមនុស្សក៏កាន់តែមានរឹងម៉ាំក្នុងការប្រឆាំងជាមួយនឹងឥទ្ធិពលរបស់ថ្នាំផងដែរ ពោលគឺថ្នាំលែងមានប្រសិទ្ធភាពក្នុងការកំចាត់បាក់តេរីឬមេរោគប្រភេទនេះទៀតហើយ។ នៅក្នុងការសិក្សាក៏បានរកឃើញផងដែរថា នាពេលបច្ចុប្បន្ននេះក្មេងៗដែលមានអាយុក្រោម ៥ឆ្នាំនិងបានឆ្លងមេរោគគឺពិបាកព្យាបាលណាស់ បើធៀបទៅនឹងការព្យាបាលលើប្រភេទជំងឺដូចគ្នាកាលពីអតីតកាល ដ្បិតមេរោគឬបាក់តេរីកាន់តែមានភាពរឹងម៉ាំក្នុងការសម្របខ្លួនជាមួយថ្នាំ។ ស្ថិតក្រោមហេតុផលវេជ្ជសាស្រ្តសាស្រ្តខាងលើ និងការសិក្សាអំពីចំនួនមនុស្សងាយរងគ្រោះនៅលើពិភពលោក ទើបក្រុមអ្នកវិទ្យសាស្រ្តហ៊ានធ្វើការព្យាករណ៍ថា នៅអំឡុងឆ្នាំ ២០៥០ នឹងមានមនុស្សប្រហែល ៣៩លាននាក់ត្រូវស្លាប់បាត់បង់ជីវិតដោយសារតែពពួកបាក់តេរីនិងមេរោគដែលធន់ជាមួយថ្នាំសម្លាប់មេរោគ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






