វត្តដ៏ល្បីមួយរបស់ថៃ សម្រេចហាមមិនឱ្យភ្ញៀវទៅថតរូបរៀបការឬផ្សាយពាណិជ្ជកម្ម ដើម្បីកុំឱ្យប៉ះដល់តម្លៃសាសនា
- BY
- Pheakdey
- September 18, 2024
ថៃ៖ វត្តដ៏ល្បីមួយកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានសម្រេចហាមឃាត់មិនភ្ញៀវទៅថតរូបឬវីដេអូសម្រាប់រៀបការ ផ្សព្វផ្សាយពាណិជ្ជកម្ម និងធ្វើសកម្មភាពផ្សព្វផ្សាយណាមួយដើម្បីរកប្រាក់ចំណូលឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៨ ខែកញ្ញា។ ទីអារាមមួយកន្លែងនេះមានឈ្មោះថា វត្ត Rajabopit ត្រូវបានកសាងឡើងដោយព្រះបាទជូឡាឡុងកន ហើយវត្តនេះមានទីតាំងនៅមិនឆ្ងាយពីព្រះបរមរាជវាំងថៃនោះទេ។

ប្រភពខាងលើបានបន្តថា ការសម្រេចហាមឃាត់នេះត្រូវបានធ្វើឡើងក្រោយមានតារាក្នុងបណ្តាញអ៊ីនធឺណិត (Influencer) ម្នាក់ បានបង្ហោះរូបនិងវីដេអូនៅក្នុងបរិវេណវត្តតែបានប្រើប្រាស់ខ្លឹមសារផ្សេង ដែលមានន័យផ្ទុយពីបរិបថក្នុងព្រះពុទ្ធសាសនា ខណៈសកម្មភាពនេះបានប៉ះពាល់យ៉ាងខ្លាំងចំពោះវត្ត Rajabopit និងប៉ះពាល់ដល់សាសនាទាំងមូលផងដែរ។ នៅក្នុងសេចក្តីជូនដំណឹងរបស់វត្ត Rajabopit ក៏បានបញ្ជាក់ផងដែរថា វត្តនឹងទទួលស្វាគមន៍តែភ្ញៀវដែលមកចូលរួមកម្មពិធីបុណ្យ និងសកម្មភាពផ្សេងៗតាមបែបព្រះពុទ្ធសាសនាដោយមានការអនុញ្ញាតជាមុន តែភ្ញៀវមិនត្រូវបានអនុញ្ញាតឱ្យមករៀបការ ចុះបញ្ជីអាពាហ៍ពិពាហ៍ ប្តូរចិញ្ចៀន ឬធ្វើពិធីស្រោចទឹកឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






